ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរអនុវត្តឱ្យម៉ឺងមាត់ហ្មត់ចត់បំផុត ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង ១៤ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ហ្មត់ចត់ ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី ២៦ធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ត្រូវយកចិត្តដាក់ឱ្យបាន ម៉ឹងមាត់ហ្មត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម ។

ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កម្រើកឡើងវិញក្នុងរយៈពេលថ្មីៗនេះតាមមូលដ្ឋាន និងបានឱ្យបង្កើតគណៈប្រចាំការ ចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ ៦នាក់ ត្រូវបែងចែកគ្នាមើលឱ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ ។ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ជាដើម ។

ឯកឧត្តមអភិបាល ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូដើម្បីអាជ្ញាធរយើងចូលទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើរបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំងរដ្ឋ និង ឯកជន ។ យើងអនុវត្តការទប់ស្កាត់បទល្មើសនានាគឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ ទទួលជ្រាបព័ត៌មានជាមុន ។

ឯកឧត្កម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ទាំងសាលារៀនរដ្ឋ ឬឯកជននោះទេ ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍ សម្តេចធិបតីលើកឡើងដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង ។

ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែល គ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យឆ្លងឆ្នាំនិងចូលឆ្នាំសកល២០២៥ខាងមុខ ។ ត្រូវប្រើយន្តការសង្កាត់ភូមិ មើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត ។

ឯកឧត្ដមអភិបាល ចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ ។ ជាមួយគ្នានេះត្រូវចលនាប្រជាពលរដ្ឋឱ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាព នៃកម្ពុជា ក្នុងនោះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីនាថ្ងៃទី២៩ខាងមុខ ជាបញ្ហាចាំបាច់បំផុតឱ្យកាន់តែបានល្អប្រសើរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner