ប្រធានាធិបតីអ៊ីរ៉ង់គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី នៅដើមឆ្នាំ២០២៥​

បរទេស ៖ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក Pezeshkian គ្រោងនឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ពីដំណឹងនេះ ដោយបានដកស្រង់សម្តីរបស់ទូតអ៊ីរ៉ង់ប្រចាំរុស្ស៊ី។ ប្រភពបានអះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងជួបសមភាគីរុស្ស៊ី លោក Vladimir Putin ហើយក៏នឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា ផងដែរ។ ជាការកត់សម្គាល់ មេដឹកនាំទាំងពីររូប ទើបបានជួបគ្នា កាលពីខែតុលា នៅប្រទេសរុស្ស៊ី ជាទីដែលលោក Putin ដឹកនាំកិច្ចប្រជុំកំពូល BRICS។

ទាំងរុស្ស៊ី និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ ដែលរឹតបន្តឹងលើពាណិជ្ជកម្ម ប៉ុន្តែ ពួកគេបានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងវិស័យផ្សេងៗ រួមទាំង កិច្ចសហប្រតិបត្តិការយោធាផងដែរ។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅលោកខាងលិចជាច្រើន បានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្គត់ផ្គង់ដល់រុស្ស៊ី នូវសព្វាវុធ សម្រាប់ប្រើប្រាស់ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ តែ អ៊ីរ៉ង់បានបដិសេធ ម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់នេះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីមួយរូប ទទួលបន្ទុកផ្នែកដឹកជញ្ជូន ទើបបានជួបលោកប្រធានាធិបតីអ៊ីរ៉ង់ ដោយបានពិភាក្សាគ្នាអំពីការសាងសង់ផ្លូវរថភ្លើង ដែលរត់កាត់អ៊ីរ៉ង់, អាស៊ែបៃហ្សង់ និងរុស្ស៊ី។ផ្លូវដែកនេះគឺជាផ្នែកមួយនៃគម្រោងដ៏ធំនៃច្រករបៀងដឹកជញ្ជូនអន្តរជាតិ ខាងជើង-ខាងត្បូង ដែលមានបំណងតភ្ជាប់ ប្រទេសឥណ្ឌា អ៊ីរ៉ង់ រុស្ស៊ី អាស៊ែបៃហ្សង់ និងប្រទេសដទៃទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner