ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ប្អូនៗនិស្សិតត្រូវអភិវឌ្ឍខ្លួនជាធនធានមានគុណតម្លៃវិជ្ជមានសម្រាប់សង្គមកម្ពុជានាសហសម័យ ជាកម្លាំងកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចែករំលែកនូវទស្សនៈវិស័យជាជំនួយស្មារតី ដើម្បីឱ្យប្អូនៗនិស្សិតបានយកទៅពិចារណា តម្រង់ទិស និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការអភិវឌ្ឍខ្លួនជាធនធានមានគុណតម្លៃវិជ្ជមានសម្រាប់សង្គមកម្ពុជានាសហសម័យ ដើម្បីចូលរួមជាកម្លាំងកសាងសង្គមជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងឱកាសជំនួបសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗជ័យលាភីគ្រប់ៗរូប ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានកាន់តែច្រើនទៀត អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស ព្រោះជាពេលវេលាឆ្លុះបញ្ចាំងខ្លួនឯង ព្រមទាំងតាក់តែងវាសនា អនាគតរបស់សង្គមជាតិទៅថ្ងៃមុខ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃការទទួលស្គាល់នូវគុណតម្លៃ និងភាពកត្តញ្ញូក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដែលប្អូនៗចាំបាច់ត្រូវយកចិត្តទុកដាក់ប្រតិបត្តិ ជាគំរូឱ្យបានទូលំទូលាយដល់កុមារៗជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់ជាឥរិយាបថបន្តជំនាន់ មានលំនាំត្រឹមត្រូវ ជាអាទិ៍៖ ការគោរព ផ្តល់តម្លៃ និងគិតគូរពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ, សន្តិភាពនិយម, រួសរាយរាក់ទាក់, មានមនុស្សធម៌, យកចិត្តទុកដាក់លើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ចេះលើកទឹកចិត្តខ្លួនឯង និងព្រមសម្របទទួលយកការសម្រេចចិត្តមួយដែលមានការស្រុះស្រួល ជាប្រយោជន៍រួម ប្រកបដោយភាពនវានុវត្ត ដែលទាំងអស់នេះជាការបង្កើតទម្លាប់ ឥរិយាបថ និងចរិយាមាយាទថ្មី សម្រាប់ធនធានមនុស្សបន្តវេនក្នុងសង្គមកម្ពុជា ។ ធ្វើបានដូច្នេះ សង្គមយើង នឹងបន្តអភិវឌ្ឍលើផ្លូវត្រូវ ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ ជាទ្រនំសុភមង្គល មានទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌សម្បូរបែប ក្រោមម្លប់សន្តិភាព សម្រាប់ជនរួមជាតិខ្មែរគ្រប់ៗរូប ៕
ដោយ / គ្រី សម្បត្តិ








