សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី កសិកម្ម វៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទន្លេសាប និងទន្លេមេគង្គ

(ភ្នំពេញ)៖ វេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី “ កសិកម្ម វៃឆ្លាត-ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទន្លេសាប និងទន្លេមេគង្គ” ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរបស់មហាវិទ្យាល័យព្រៃឈើនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការ FACT អង្គការ OXFAM និងអង្គការ NGO Forum ក្រោមការគាំទ្ររបស់គម្រោង ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ទន្លេមេគង្គ (SCR) ។

អង្គវេទិកាចែករំលែកបទពិសោធនេះ មានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករងនៃអគ្គគោលនយោនបាយ និង យុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន លោកសាស្រ្តាចារ្យ គឹម សុបិន្ត ព្រឹទ្ធបុរសមហាវិទ្យាល័យព្រៃឈើ តំណាងឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល (FACT) ។

ព្រឹទ្ធបុរសមហាវិទ្យាល័យព្រៃឈើ លោកសាស្រ្តាចារ្យ គឹម សុបិន្ត មានប្រសាសន៍ថា ក្រោមគម្រោង ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុទន្លេមេគង្គ (SCR) សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមហាវិទ្យាល័យព្រៃឈើ បានទទួលអនុវត្តសកម្មមួយចំនួនពាក់ព័ន្ធ នឹងកសិកម្មវៃឆ្លាតខាងអាកាសធាតុ (Climate Smart Agriculture- CSA) និងការបណ្តុះបណ្តាលកសិករ និងអង្គការដៃគូរពាក់ព័ន្ធលើការ ប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មវៃឆ្លាត ដែលជាវិធានការបន្សំមួយសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ ពាក់ព័ន្ធ និងសហគមន៍គោលដៅ លើការការអនុវត្តកសិកម្មវៃឆ្លាតខាងអាកាសធាតុ (CSA) តាមរយៈការបណ្តុះបណ្តាល និងការធ្វើបង្ហាញ CSA (Demo Farm) ។

លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល (FACT) បានលើកឡើងថា នេះជាផ្នែកមួយនៃការអនុវត្ត គម្រោងនេះហើយថ្ងៃនេះ សាកលវិទ្យាល័យបាននឹងកំពុងសហការជាមួយអង្គការដៃគូរ ដើម្បីរៀបចំវេទីកានេះឡើង ក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងបទពិសោធន៍កន្លងមកដើម្បីពិភាក្សាពីស្ថានភាព និងគោលនយោបាយនៃការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានជល ផល និងកសិកម្មវៃឆ្លាត-ភាពធន់ខាងការប្រែប្រួលអាកាសធាតុបង្ហាញពីសកម្មភាព/បទពិសោធន៍ផ្ទាល់នៃការអនុវត្តកសិកម្មវៃឆ្លាតខាងអាកាសធាតុពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយនានា ។

ឯកឧត្តម ហេង ចាន់ធឿន អគ្គ នាយករងនៃអគ្គគោលនយោនបាយនិងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍ថា ជាការពិតណាស់ ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាចម្បងមួយរបស់មនុស្សជាតិដែលពិភពលោកយើងកំពុង ជួបប្រទះ មិនថាប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសអភិវឌ្ឍន៍នោះទេ។ ហើយវាក៏ជាប្រធានបទអាទិភាពដែលពិភពលោក កំពុងព្រួយបារម្ភនៅសតវត្សរ៍ទី២១នេះ ស្របពេលផែនដីកំពុងឡើងកំដៅ ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួល អាកាសធាតុមកលើសេដ្ឋកិច្ចសង្គម និងចីរភាពបរិស្ថាននៅទូទាំងពិភពលោក។ បញ្ហាទាំងអស់នេះនឹងបន្តការកើនឡើង ជាបន្តបន្ទាប់ និងខ្លាំងឡើងៗ។ ហេតុដូចច្នេះ តម្រូវឲ្យយើងទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុង ការ ស្វែងរកដំណោះស្រាយ ជាពិសេសវិធីបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការអនុវត្ត កសិកម្មវៃឆ្លាតខាងអាកាស ធាតុ គឺជាដំណោះស្រាយចំពោះអឧ និងរយៈពេលវែងមួយសម្រាប់កសិករខាតតូចនៅតាមមូលដ្ឋាន ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner