វិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងចាត់ទុកវិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះ ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា បានសម្ពោធជាផ្លូវការ នៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត ។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារ អន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកជំទាវបណ្ឌិត បានជម្រាបជូនអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលត្រូវបានបង្កើតឡើង ដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយមណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានទទួលនិស្សិតក្រៅប្រព័ន្ធមកបណ្តុះបណ្តាលថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគាររយៈពេល ២ ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារ បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធីនាពេលនេះ ។
លោកជំទាវ បន្ដថា នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះ ត្រូវបានអនុញ្ញាត ឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ ។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថាន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ។
លោកជំទាវបណ្ឌិត បានបន្ថែមថា ដើម្បីសម្រួល និងលើកទឹកចិត្ត ដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា ក៏បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន ដោយគិតមកដល់បច្ចុប្បន្ន វិទ្យាស្ថាន បានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា អបអរសារទរចំពោះការសម្ពោធជាផ្លូវការ ការប្រែក្លាយមណ្ឌលសិក្សា បច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបញ្ជាក់ថា វិស័យធនាគារបានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ច យ៉ាងធំធេងក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចកម្ពុជា ។ ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន សូមវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដែលជាអតីតទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានដឹកនាំធនាគារជាតិនៃកម្ពុជា អស់រយៈពេលប្រមាណ ៣០ឆ្នាំមកនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត