កម្ពុជា-រុស្ស៊ី នឹងរិះរកកាលានុវត្តភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ ក្នុងជំនួបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានឯកភាពនឹងរិះរកកាលានុវត្តភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
ក្នុងអំឡុងពេលជំនួបនេះ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានយល់ស្របគ្នាលើសារៈសំខាន់នៃការរក្សាការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ឱ្យបានទៀងទាត់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់ ដូចជា លើវិស័យអប់រំ វប្បធម៌ សុខាភិបាល ក៏ដូចជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត រិះរកកាលានុវត្ត ភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
ការពិភាក្សាក៏បានផ្តោតលើលទ្ធភាព ក្នុងការកោះប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) និងកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ក្រសួងការបរទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួម ផងដែរ ៕
ដោយ សួង ពិសិដ្ឋ