គណនី OnlyFans ជាច្រើនកំពុងរំលោភបំពានផ្លូវភេទលើកុមារអាយុក្រោម ១៨ឆ្នាំ

វ៉ាស៊ីនតោន ៖ អ្នកស៊ើបអង្កេតជើងចាស់ផ្នែកកេងប្រវ័ញ្ចលើកុមារបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានរាយការណ៍អំពីគណនីចំនួន ២៦ នៅលើគេហទំព័រដែលពេញនិយមសម្រាប់មនុស្សពេញវ័យ មានឈ្មោះថា OnlyFans ទៅកាន់អាជ្ញាធរ ដោយនិយាយថា គណនីទាំងនោះបានបង្កើតមាតិកាផ្លូវភេទប៉ះពាល់ដល់ក្មេងស្រីជំទង់មិនទាន់គ្រប់អាយុ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

លោក Matt W.J. Richardson ដែលជាប្រធានផ្នែកស៊ើបការណ៍នៅមជ្ឈមណ្ឌល The Canadian Open Source Intelligence Centre បាននិយាយថា អង្គភាពរបស់គាត់បានបណ្តុះបណ្តាលការអនុវត្តច្បាប់ និងភ្នាក់ងាររដ្ឋាភិបាល ក្នុងការស៊ើបការណ៍សម្ងាត់ពីប្រភពដោយបើកចំហ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ដូចជាការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកុមារ។

លោកបន្តថា មួយថ្ងៃបន្ទាប់ពីរបាយការណ៍ថ្ងៃទី១៦ ខែធ្នូរបស់លោកផ្ញើទៅដល់ដៃអាជ្ញាធរ គណនីទាំងអស់ត្រូវបានដកចេញពីគេហទំព័រ OnlyFans បន្ទាប់ពីលោកបានរាយការណ៍អំពីគណនីចំនួន២៦នោះ មានផ្ទុកនូវសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ឬ មាតិកាកេងប្រវ័ញ្ចកុមារ ហៅកាត់ (CSAM) ទៅកាន់មជ្ឈមណ្ឌលជាតិទទួលបន្ទុកកិច្ចការកេងប្រវ័ញ្ចកុមារ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោក Richardson បន្ថែមថា គណនីមួយចំនួនត្រូវបានតភ្ជាប់គ្នាទៅវិញទៅមក តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះបង្ហាញថា ពួកគេប្រហែលជាត្រូវបានគ្រប់គ្រងដោយមនុស្សដូចគ្នា ឬក្រុមតែមួយ។ បើតាមការអះអាងរបស់លោក Richardson រូបភាពនៅក្នុងគណនីទាំងនោះ ភាគច្រើនបានបង្ហាញពីរូបរាងអាក្រាតកាយរបស់ក្មេងស្រី ដែលមានអាយុក្រោម ១៨ឆ្នាំ។

គួរបញ្ជាក់ថា រូបភាពអាសអាភាសរបស់អនីតិជនត្រូវបានហាមឃាត់នៅក្នុងប្រទេសភាគច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ហើយច្បាប់របស់គេហទំព័រ OnlyFans ផ្ទាល់ក៏ប្រឆាំងនឹងរឿងនេះដែរ។ នៅលើគេហទំព័ររបស់ខ្លួន OnlyFans បានបញ្ជាក់ថា ខ្លួនហាមឃាត់ខ្លឹមសារដែលបង្ហាញពីការកេងប្រវ័ញ្ច ឬការរំលោភបំពានលើនរណាម្នាក់ដែលមានអាយុក្រោម ១៨ឆ្នាំ បើទោះបីជាពួកគេទាំងនោះ ក្លែងបន្លំខ្លួនធ្វើជាមនុស្សពេញវ័យក៏ដោយ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner