អនុរដ្ឋមន្ត្រីការបរទេស វៀតណាម កោតសសើរ អភិបាលរាជធានីភ្នំពេញបានធ្វើឲ្យរាជធានីភ្នំពេញមានអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សំគាល់
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសំណេះសំណាលជាមួយ លោកជំទាវ ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២៧ ធ្នូ ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។
លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និង ដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូ ក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តម ឃួង ស្រេង ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងរវាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក ។
លោកជំទាវ បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង បានធ្វើឲ្យរាជធានីភ្នំពេញមានអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សម្គាល់ ។
លោកជំទាវបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តម ឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញពិសេសជូនពរក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះ ។
ឯកឧត្តម ឃួង ស្រេង ថ្លែងអំណគុណលោកជំទាវ និងគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខឯកឧត្ដមហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាមនិងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរគ្នា ពីការអភិវឌ្ឍ នៃទីក្រុងនៃប្រទេសទាំងពីរផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ








