ទិវាសន្តិភាពនៅកម្ពុជា ដឹងគុណអគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ និងគុណតម្លៃ នៃសុខសន្តិភាព

ការប្រារព្ធពិធីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” គឺរំលឹកដល់ការបញ្ចប់សង្គ្រាម និងជាការដឹងគុណនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងបំផុសស្មារតីពលរដ្ឋគ្រប់ជំនាន់ ឱ្យយល់ច្បាស់ពី “គុណតម្លៃ នៃសុខសន្តិភាព”

ភ្នំពេញ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាម និងជាការដឹងគុណ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ឱ្យយល់ច្បាស់ពី “គុណតម្លៃ នៃសុខសន្តិភាព”។ ការរំលឹកគុណដល់ថ្ងៃសន្តិភាពនៅកម្ពុជា ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។

ឆ្នាំនេះគឺជាការប្រារព្ធខួបលើកទី ២៦ឆ្នាំ អបអរសាទរទិវា នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយការប្រមូលផ្តុំភាគីជម្លោះនៅកម្ពុជា ដើម្បីបញ្ចប់សង្រ្គាម ដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ដោយសារនយោបាយឈ្នះឈ្នះ នេះហើយបានប្រែក្លាយកម្ពុជា ទៅជាប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ឥតងាករេរបស់រាជរដ្ឋាភិបាល ដែលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់ក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន តែងបានចូលរួមធ្វើសកម្មភាពយ៉ាងក្លៀវក្លា សប្បាយរីករាយ អបអរសាទរទិវាប្រវត្តិសាស្រ្ត និងបំផុសស្មារតីពលរដ្ឋគ្រប់ទីកន្លែង ឱ្យយល់អំពីគុណតម្លៃ នៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។

សូមរំលឹកថា នយោបាយឈ្នះឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានបង្ហាញជូនជនរួមជាតិ ដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះ គឺធ្វើឱ្យសាធារណជនអាចមើលឃើញនៅក្នុងពិភពលោក ដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង ហើយពិបាកក្នុងការបញ្ចប់ និងបន្តវិនាសកម្មដល់មនុស្សជាតិយ៉ាងខ្លាំង។ ជាក់ស្តែង ខណៈដែលប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព និងបានរំលឹកគុណថា«អរគុណសន្តិភាព»។
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថាទៅកាន់ប្រតិភូអន្តរជាតិ ក្នុងពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថា សន្តិភាពដែលកម្ពុជាមាននាពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្ដេចតេជោ បានថ្លែងបន្ថែមថា ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ផ្ដល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ រួមទាំងការឯកភាពជាលើកដំបូង នៅក្នុងប្រវត្តិ៥០០ឆ្នាំរបស់ខ្លួន។

សូមបញ្ជាក់ថា សម្រាប់កម្ពុជា ជិត២៧ឆ្នាំមកនេះ គឺជាសន្តិភាពដែលគ្មានបែងចែក គ្មានកម្លាំងប្រដាប់អាវុធដែលនៅសេសសល់ទេ គឺមាន «ព្រះមហាក្សត្រតែមួយព្រះអង្គ មានរដ្ឋធម្មនុញ្ញតែមួយ រដ្ឋសភាតែមួយ រដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ» ដ្បិតយើងមានគណបក្សច្រើន ប៉ុន្តែគ្មានការផ្ទុះកម្លាំងប្រដាប់អាវុធទៀតនោះទេ។ ជាមួយគ្នានេះ កម្ពុជាបានចែករំលែកមេរៀនប្រវត្តិសាស្រ្តរបស់ខ្លួន ស្តីពីការការពារសន្តិភាព និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមេរៀនទាំងនេះ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែគឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

ជាថ្មីម្ដងទៀត រារដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ ដែលបានប្រែក្លាយពីសង្គ្រាម ឱ្យទៅជាសន្តិភាពពេញលេញលើផ្ទៃប្រទេស និងចូលរួមចែករំលែកសន្តិភាព ជាមួយពិភពលោក ព្រោះថាបើគ្មានសន្តិភាព មិនអាចធ្វើអ្វីផ្សេងបាននោះទេ កម្ពុជាទទួលរងការឈឺចាប់លើសពីការគ្រប់គ្រាន់ទៅហើយ កម្ពុជាមិនត្រូវការនូវសង្គ្រាមនោះទេ។

ការចូលរួមពីប្រជាពលរដ្ឋគ្រប់ទិសទី រំលឹកដល់ទិវាសន្តិភាពនៅកម្ពុជា គឺជាភស្តុតាងបញ្ជាក់ថា ប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសបន្តរក្សាខ្ជាប់ខ្ជួនការឯកភាពគ្នាជាធ្លុងមួយ ចូលរួមក្នុងការការពាសន្តិភាព និងការអភិវឌ្ឍកាន់តែប្រសើរបន្ថែមទៀតសម្រាប់អនាគតកម្ពុជា៕
អត្ថបទ: ខ្វៃ អាទិត្យា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner