មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។ ការបញ្ជាក់នេះ ក្នុងពិធីជួបជុំសម្តែងការដឹងគុណ និងអបអរសាទរទិវាន្តិភាពនៅកម្ពុជា ២៩ ធ្នូ ក្រោមប្រធានបទយុទ្ធសាស្ត្រ «ផ្ការីកក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន»នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
លោក ហេង សំណាង បានបន្តថា ការជុំជួបអបអរសាទរ ទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ សង្គ្រាមបានបង្កនូវវិនាសកម្ម និងការបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស គឺកម្ពុជាបានបាត់បង់ស្ទើរទាំងស្រុង។ អ្វីដែលរឹតតែធ្ងន់ធ្ងរនោះ កម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏ប្រល័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបនេះមានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់ និងធ្វើទារុញកម្មឱ្យស្លាប់យ៉ាងឃោរឃៅជាង៣លាននាក់។ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានបន្តទៀតថា ជាការពិតណាស់ ក្រោយដណ្តើមបានជ័យជម្នះ ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិនទាន់សង្គ្រោះបានទាំងស្រុងនោះឡើយ។
ប្រភពដដែលបានបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។ សន្តិភាពមានតម្លៃលើសលប់ ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ រាជរដ្ឋាភិបាលបន្តវេន្ត ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ៕
ដោយ៖ពលជ័យ