រយៈពេលជិត ១២ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង ៨៥ម៉ឺនតោនកើនឡើង ២៦ភាគរយ
(ភ្នំពេញ)៖ក្នុងរយៈពេលជិត ១២ ខែកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។
លោក អួន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ ទូរទស្សន៍អប្សរាឱ្យដឹងថាការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ក្រៅប្រទេស ៨១៥ ០០០តោន ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣តោន គិតជាទឹកប្រាក់ ១ ១៥០លានដុល្លារ ដែលមានការកើនឡើងកើន ៣១ភាគរយ ។
លោកបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម ។ ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។
បើតាមប្រធានសមាគមន៍រូបនេះបានឱ្យដឹងបន្ថែមថា៖ មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ។
ដោយឡែកបើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ ១,០៧៧ ពាន់លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត ហើយសង្កេត ឃើញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា៕
ដោយ ៖ ម៉ាដេប៉ូ