សម្តេចតេជោ ហ៊ុន សែន៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ថា ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តនយោយឈ្នះ ឈ្នះ។ តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹករយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះ នាដើមឆ្នាំ១៩៩៦ មានរយៈពេល២៨ឆ្នាំ។
សម្តេចតេជោបានបន្តថា ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕
ដោយ៖ពលជ័យ