សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមជាអធិបតីក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤” នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាការជួបជុំលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលយេីងមានឱកាសជួបជុំគ្នាប្រកបដោយទឹកមុខរីករាយ និងសប្បាយក្រោមម្លប់សន្តិភាព ហើយការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់តារាកម្ពុជា នាពេលនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីស្រលាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព” ។
សម្ដេចបវរធិបតី បានអះអាងថា ដោយសារតែកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ទើបធ្វើឲ្យកម្ពុជាអាចទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ។ សម្ដេច ថា ពិតណាស់ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលយើងសម្រេច និង ថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា បើសិនជាកម្ពុជា គ្មានសន្តិភាព សូម្បីតែសមាជិកភាពរបស់កីឡាកម្ពុជាក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦ ក៏ត្រូវបានផ្អាកពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៤ ពេលដែលកម្ពុជា មានសង្រ្គាមសមាជិកភាពនេះ ក៏ត្រូវបានផ្អាកផងដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពលរដ្ឋខ្មែរបច្ចុប្បន្នសំណាងជាងពលរដ្ឋប្រទេសខ្លះដែលកំពុងគេចគ្រាប់ ដោយសារសង្រ្គាម”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញជាអធិបតី នៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាល្ងាចថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានមរតកតេជោ ។
សម្តេចធិបតី សូមចែករំលែករឿងមួយដែលឯកឧត្តម សៅ សុខា ដែលធ្លាប់បាននិយាយជាមួយសម្ដេច កាលពីសប្ដាហ៍មុន ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគាត់បានចែករំលែកជាមួយថា យុវជនសម័យឥឡូវមានសំណាង សំណាងនោះត្រង់ថា នៅពេលដែលកំពុងមើលបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកន្លងទៅ ដែលមានយុវជនរាប់ពាន់នាក់ ប្រជាជនរាប់ពាន់នាក់អង្គុយមើល ហើយពេលដែលគាត់យកទូរស័ព្ទមកមើល ឃើញស្ថានភាពម៉ោងជាមួយគ្នា ប្រទេសមានសង្គ្រាម យុវជនក្នុងប្រទេសទាំងនោះ កំពុងតែត្រូវស្លាប់ កំពុងតែត្រូវភ័យខ្លាច កំពុងតែលេងបាល់ ត្រូវគ្រាប់ផ្លោងស្លាប់ ប៉ុន្តែនៅពេលដែលគាត់បិទទូរស័ព្ទក្រឡេកមកវិញ ឃើញកូនខ្មែរ កំពុងតែសប្បាយរីករាយក្នុងសន្តិភាព នេះហើយដែលគាត់និយាយថា មានសំណាង ។
សម្តេច ថា យុវជននៅប្រទេសដែលមានសង្គ្រាម គ្មានឱកាសអង្គុយទះដៃអបអរសាទរកីឡាដូចក្នុងប្រទេសយើងទេ ។ នេះជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សំណាងមិនមែនកើតឡើងដោយចៃដន្យទេ គឺសំណាងកើតឡើងដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ ការខិតខំលះបង់របស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំរបស់យើង ហើយយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីឲ្យមានសំណាងដល់កូនចៅរបស់យើងជាបន្តទៀត ។
សូមជម្រាបថា ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធ យុវជនកម្ពុជា មានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាដោយផ្ទាល់មានដូចជា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ផងដែរ។ ការប្រកួតបាល់ទាល់សាទរសុខសន្តិភាពនៅកម្ពុជានេះ មានការចូលរួមទស្សនាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញរង្វង់ប្រមាណជា ៥ម៉ឺននាក់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




























