កូរ៉េខាងត្បូងកាន់ទុក្ខមួយសប្តាហ៍ ខណៈករណីធ្លាក់យន្តហោះអ្នកស្លាប់កើនដល់ ១៧៩នាក់
សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok កាលពីថ្ងៃអាទិត្យ បានប្រកាសកាន់ទុក្ខរយៈពេលមួយសប្តាហ៍ ចំពោះជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីធ្លាក់យន្តហោះនៅឯព្រលានភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។
លោក Choi បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ទល់គ្រោះមហន្តរាយថា រដ្ឋាភិបាលនឹងកំណត់រយៈពេល៧ថ្ងៃរហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី៤ ខែមករាឆ្នាំក្រោយ ជាថ្ងៃកាន់ទុក្ខជាតិ ខណៈកំពុងរៀបចំអាសនៈគោរពវិញ្ញាណក្ខន្ធរួមគ្នានៅក្នុងទីក្រុង និងខេត្តចំនួន១៧ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។
លោក Choi បន្ថែមថា មន្ត្រីរាជការគ្រប់ក្រសួង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នសាធារណៈនានា នឹងពាក់បូរកាន់ទុក្ខក្នុងអំឡុងពេលនេះ ហើយប្តេជ្ញាស៊ើបអង្កេតឱ្យបានហ្មត់ចត់ រកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងចាត់វិធានការដើម្បីការពារកុំឱ្យកើតមានឧបទ្ទវហេតុដ៏សោកសៅនេះសារជាថ្មី។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នៅម៉ោងប្រហែល ៩និង០៣នាទីព្រឹក (ម៉ោងក្នុងតំបន់) យន្តហោះដឹកអ្នកដំណើរសរុបចំនួន ១៨១នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ១៧៣នាក់ និងជនជាតិថៃ ២នាក់ រួមជាមួយនឹងអ្នកបម្រើការងារលើយន្តហោះចំនួន ៦នាក់បានធ្លាក់ ខណៈពេលព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Muan មានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរលេខ 7C2216 ទៅទីក្រុងបាងកក ប្រទេសថៃ បានចុះចតដោយគ្មានកង់ ហើយបានរអិលចេញពីផ្លូវរត់ និងបានបុកជញ្ជាំងខាងក្រៅនៃផ្លូវរត់ ដោយតួយន្តហោះរបស់វាបានបាក់ពាក់កណ្តាល និងភ្លើងឆេះ។
មានតែអ្នកបម្រើការងារលើយន្តហោះពីរនាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ហើយគិតមកទល់ពេលនេះ ហេតុការណ៍ធ្លាក់យន្តហោះនេះបាននឹងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា