ប្រធានាធិបតីអាស៊ែបៃហ្សង់ចោទប្រកាន់រុស្ស៊ី ជុំវិញករណីធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន
បាគូ ៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះស៊ីវិលរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines (AZAL) ដែលបានធ្លាក់នៅជិតទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធសប្តាហ៍មុននេះ បានរងការវាយប្រហារពីរុស្ស៊ី បើទោះបីជាឧបទ្ទវហេតុនេះកើតឡើងដោយអចេតនាក៏ដោយ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអាស៊ែបៃហ្សង់ លោក Aliyev បានឱ្យដឹងថា ភ័ស្តុតាងនៃគ្រាប់កាំភ្លើង និងរន្ធគ្រាប់កាំភ្លើងនៅក្នុងតួយន្តហោះ បានបង្ហាញយ៉ាងច្បាស់ថា យន្តហោះនេះត្រូវបានរងការវាយប្រហារ។
លោក Aliyev បាននិយាយយ៉ាងដូច្នេះថា យើងមិនជឿថា ទង្វើនេះជាចេតនាទេ ប៉ុន្តែវាជារឿងសំខាន់ដែលរុស្ស៊ីយល់ព្រមទទួលខុសត្រូវ ហើយអាស៊ែបៃហ្សង់បានទាមទារការសុំទោស, ការទទួលខុសត្រូវ និងផ្តល់សំណង។
យន្តហោះ Embraer 190 ដំណើរការដោយ ក្រុមហ៊ុនអាកាសចរណ៍ AZAL ជើងហោះហើរ J2-8243 ពីទីក្រុងBaku ទៅទីក្រុងGrozny បានធ្លាក់នៅជិតទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ដោយមានអ្នកដំណើរ ៦២នាក់ និងសមាជិកអ្នកបម្រើការងារលើយន្តហោចំនួន៥នាក់។
ក្រសួងស្ថានការណ៍បន្ទាន់របស់ប្រទេសកាហ្សាក់ស្ថានបាននិយាយថា មនុស្សចំនួន ៣៨នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយ ២៩នាក់ត្រូវបានជួយសង្គ្រោះ។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានសុំទោសចំពោះឧប្បត្តិហេតុនៅក្នុងដែនអាកាសរុស្ស៊ីនេះដែរ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Aliyev៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




