មានតែនារីអូតេស ២នាក់​នៅរស់ ករណី​ផ្ទុះឆេះយន្តហោះកូរ៉េ

បរទេស៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងចំណោមមនុស្ស១៨១នាក់ នៅលើយន្តហោះដែលផ្ទុះឆេះពេលចុះចត មានតែមនុស្សពីរនាក់គត់ នៅមានជីវិត នោះគឺជានារីបម្រើការលើយន្តហោះ ឬ Flight Attendants។

គួររម្លឹកថា កាលពីថ្ងៃអាទិត្យ យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃទៅកាន់កូរ៉េខាងត្បូង តែបានរអិលចេញពីផ្លូវរត់ ពេលចុះចត ខណៈដែលមានផ្សែងហុយ ចេញពីម៉ាស៊ីន ហើយក៏បានផ្ទុះ ជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។

អ្នកបម្រើការលើយន្តហោះពីរនាក់នៅមានជីវិត ក្រោយពេលត្រូវបានទាញចេញពីបំណែកយន្តហោះ។ នារី Flight Attendants ម្នាក់ អាយុ៣៣ឆ្នាំ ដែលនៅរស់រានមានជីវិតបានដឹងខ្លួន នៅក្នុងមន្ទីរពេទ្យហើយអាចទំនាក់ទំនងបាន កាលពីល្ងាចថ្ងៃអាទិត្យ។ យោងតាមមន្ទីរពេទ្យ​ ដកស្រង់សម្តីនាង ឲ្យដឹងថា «ពេលខ្ញុំភ្ញាក់ពីដំណេក ខ្ញុំត្រូវបានគេជួយសង្គ្រោះរួចហើយ»។ យ៉ុនហាប់ បានរាយការណ៍ថា នាងបានរងរបួសបាក់ឆ្អឹង ជាច្រើន ខណៈដែលនារី Flight Attendants ម្នាក់ទៀត អាយុ២៥ឆ្នាំ បានរងរបួស កជើង និងក្បាល។

ក្រុមមន្ត្រីបានលើកឡើងពីការវាយប្រហាររបស់សត្វស្លាបថាជាមូលហេតុ បណ្តាលឲ្យមានឧបទ្វេវហេតុនេះ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិកបាននិយាយថា ខ្លួននឹងដឹកនាំក្រុមអ្នកស៊ើបអង្កេត រួមទាំង មកពីក្រុមហ៊ុន Boeing សហការជាមួយមន្ត្រីកូរ៉េខាងត្បូង។ ប្រអប់ខ្មៅទាំងពីរ សំដៅលើ ឧបករណ៍ថតទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្តហោះ ត្រូវបានរកឃើញហើយ។

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Jeju Air ប្រកាសសុំទោស។ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង បានកោះប្រជុំគណៈរដ្ឋមន្ត្រី ជាបន្ទាន់ ហើយ កូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខជាតិ រយៈពេលប្រាំពីរថ្ងៃ ដោយមានទាំងការគោរពវិញ្ញាណក្ខន្ធ ទូទាំងប្រទេស។

នេះគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ធំបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីបង្កើតឡើង ក្នុងឆ្នាំ២០០៥៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner