ឆ្នាំ២០២៤ សហរដ្ឋអាមេរិកកើនឡើងជនអនាថាគ្មានផ្ទះសម្បែងខ្ពស់បំផុត
វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ឆ្នាំ២០២៤ តួលេខជនអនាថាគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បានកើនឡើងក្នុងកម្រិតខ្ពស់បំផុតដល់ជាង ១៨ភាគរយក្នុងមួយឆ្នាំ ដោយសារតែតម្លៃលំនៅឋានខ្ពស់, គ្រោះមហន្តរាយធម្មជាតិ និងកំណើនចំណាកស្រុកទៅកាន់ទីក្រុងធំៗជាដើម។
ចំនួននេះកើតឡើងបន្ទាប់ពីកំណើន ១២ភាគរយកាលពីឆ្នាំ២០២៣ ហើយនោះជាតួលេខខ្ពស់បំផុតចាប់តាំងពីរដ្ឋាភិបាលសហព័ន្ធ បានចាប់ផ្តើមកត់ត្រាប្រចាំឆ្នាំពីចំនួនប្រជាជនគ្មានផ្ទះសម្បែងក្នុងឆ្នាំ២០០៧។
យ៉ាងណាមិញ តួលេខនេះអាចនឹងមានចំនួនតិចជាងជាក់ស្ដែងទៅទៀត ពីព្រោះពួកគេមិនបានរាប់បញ្ចូលមនុស្សដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយគ្រួសារ និងមិត្តភ័ក្ដិនោះទេ។
ក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង (Hud) នាពេលថ្មីៗនេះ បានឱ្យដឹងថា មនុស្សជាង ៧៧០.០០០នាក់ ស្ថិតនៅក្នុងជម្រកស្នាក់នៅបណ្តោះអាសន្ន ឬគ្មានទីជម្រក។ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងក្នុងខែមករា ឆ្នាំ២០២៤។
កុមារអាយុក្រោម ១៨ឆ្នាំបានការកើនឡើងច្រើនបំផុតមិនធ្លាប់មាន ដោយមានមនុស្សជិត ១៥០,០០០នាក់គ្មានផ្ទះសម្បែង នេះបើយោងតាមការស្ទង់មតិ។ ទន្ទឹមគ្នា ក៏មានការកើនឡើង ៦ភាគរយ ក្នុងចំណោមប្រជាជនគ្មានផ្ទះសម្បែងដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅផងដែរ។
អត្រាគ្មានផ្ទះសម្បែងលក្ខណៈគ្រួសារ ជារួមបានកើនឡើង ៣៩ភាគរយ បើធៀបនឹងឆ្នាំមុន ហើយច្រើនជាងពីរដងក្នុងចំណោមប្រជាជនរស់នៅទីជម្រក ១៣កន្លែង ដែលនិយាយថា ពួកគេរងផលប៉ះពាល់ដោយការចំណាកស្រុកប្ដូរទៅរស់នៅទីក្រុង។ ជាមួយគ្នានេះ គ្រោះមហន្តរាយធម្មជាតិក៏ជាកត្តាមួយទៀតដែលជំរុញឱ្យតួលេខប្រជាជនគ្មានផ្ទះសម្បែងហក់ឡើងខ្ពស់ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា