រដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់បញ្ហាបីធំៗជាទិសដៅសំខាន់សម្រាប់អនុវត្តបន្ត
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់បញ្ហាធំៗចំនួនបី ដែលត្រូវអនុវត្តបន្តចំពោះមុខសម្រាប់ឆ្នាំ២០២៥ខាងមុខ។
ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ រយៈពេលពីរថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ទៅដល់មន្រ្តីជាថ្នាក់ដឹកនា មន្រ្តីជំនាញ មន្រ្តីពាក់ព័ន្ធអំពីបញ្ហាបីធំៗដែលត្រូវយកចិត្តទុកដាក់ ។គឺ១.ករណីក្មេងទំនើង ,២.ការបម្រើសេវាសាធារណៈឱ្យបានល្អ ឆាប់រហ័ស និង៣. ការត្រៀមដោះស្រាយនូវរាល់គ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ។
លើបញ្ហាក្មេងទំនើង ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច និងអាជ្ញារធរបន្តផ្សព្វផ្សាយអាណាព្យាបាល ពិសេសក្រុមក្មេងទាំងនោះផ្ទាល់បន្ទាប់ពីយើងអនុវត្តវិធានច្បាប់លើពួកគេ ។ជាមួយគ្នានេះស្ថាប័នតុលាការ ត្រូវអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឹងបំផុតដោយពុំមានការលើកលែង ។ចំណែករឿងសេវាសាធារណៈ មន្ត្រីច្រកចេញចូលតែមួយ ត្រូវសកម្មការងារបំពេញបែបបទឯកសារស្នើសុំ លើតម្រូការណាមួយឱ្យបានលឿនឆាប់រហ័ស ជូនប្រជាពលរដ្ឋ ជាមួយក្រមសីលធម៌ល្អ ក្នុងនាមមន្ត្រីបំរើប្រជាពលរដ្ឋ ។
ទាក់ទងនឹងការងារត្រៀមបង្ការដោះស្រាយគ្រោះមហន្តរាយ ក្នុងនោះក៏បានផ្ដោតលើបញ្ហាទឹកក្នុងរដូវប្រាំងផងដែរ។ ខេត្តបន្ទាយមានជ័យនៅឆ្នាំ២០១៦ មានក្រុង,ស្រុកមួយចំនួនបានជួបបញ្ហាកង្វះទឹកប្រើប្រាស់។ដោយសារពិសោធន៍នេះ
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្រ្តីមូលដ្ឋាន ក៏ដូចជាមន្ទីរពាក់ព័ន្ធចូលរួម បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីការរក្សាទឹកទុកប្រើប្រាស់ឱ្យស្របតាមស្ថានភាពបរិមាណទឹក,ការប្រើប្រាស់ទឹកដោយសន្សំសំចៃ ពិសេសការប្រើ
ប្រាស់ធ្វើស្រែប្រាំងច្រើនហួសកំណត់។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យមានចម្ងាយជាង៣៥០គីឡូម៉ែត្រ ស្ថិតភាគពាយ័ព្យរាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាប ខាងលិចជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងជាប់នឹងប្រទេសថៃ ខាងត្បូងជាប់នឹងខេត្តបាត់ដំបង។ ព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រវែង១៥៣គីឡូម៉ែត្រ ដែលមាន ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន