ព្រឹត្តិការណ៍បង្ហើរខ្លែងឯក ខ្លែងសេរី បានបញ្ចប់ជាមួយវត្តមានអ្នកចូលរួមពីរម៉ឺននាក់
សៀមរាប៖ព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរីរយៈពេលបីថ្ងៃដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ចប់កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាមួយវត្តមានប្រជាពលរដ្ឋ ទេសចរជាតិអន្តរជាតិចូលរួមប្រមាណពីរម៉ឺននាក់ ។ព្រឹត្តិការណ៍នេះក៏បានរកឃើញខ្លែងឯកជ័យលាភីលេខ១ ទៅពីខេត្តកណ្ដាលផងដែរ។
ព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ខែធ្នូ នាព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបចាស់ ។ក៏ជាព្រឹត្តិការណ៍បង្ហើរខ្លែងលើកទី១ សម្រាប់ខេត្តសៀមរាបផងដែរ ។នៅរសៀលថ្ងៃទី២៩ ខែធ្នូ ដែលជាថ្ងៃបិទបញ្ចប់ គណៈកម្មការមេប្រយោគ និងគណៈ កម្មការគ្រប់គ្រងនិងបច្ចេកទេសនៃការប្រកួតខ្លែងខ្មែររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភីនៃ ការប្រកួតខ្លែងឯក និងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ ។
សម្រាប់ជ័យលាភីខ្លែងឯករបស់រដ្ឋបាល អង្គភាព មន្ទីរ លេខ១បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល, លេខ២ខ្លែង ឈ្មោះសម្រស់បន្ទាយស្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងលេខ៣ ខ្លែងឈ្មោះពោធិសាត់មានជ័យបារមីសួគ៌ាលោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់ ។
សម្រាប់ជ័យលាភីខ្លែងឯកផ្នែកឯកជន លេខ១បានទៅលើខ្លែង ផែនសិល្បៈ និងកីឡា ពីក្រុមការងារយុវជនផែនសិល្បៈនិងកីឡានៃយុវជនគណបក្សខេត្តសៀមរាប ,លេខ២ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។
ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅខ្លែងឈ្មោះ ស្តេចរាត្រីមកពីមន្ទីរវប្បធម៌ខេត្តសៀមរាប ,លេខ២ បានទៅខ្លែងឈ្មោះក្រុឌមាសធិបតីសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភីលេខ៣ បានទៅខ្លែងឈ្មោះ ស្នងការនគរបាលខេត្តសៀមរាប របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជ័យលាភីខ្លែងសេរីផ្នែកឯកជន លេខ១បានទៅលើខ្លែង នាគរាជក្បាល៥ មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ខ្លែង សំពៅហង្សខេត្តកណ្ដាល និងលេខ៣ខ្លែង ឈ្មោះប្រយុទ្ធអន្តរជាតិ មកពីខេត្តសៀមរាប។
អញ្ជើញជាអធិបតី និងថ្លែងបិទព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ២០២៤លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកបានថ្លែងអំណរគុណនិងកោតសរសើរ គ្រប់ភាគីចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុងការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរនិងខ្លែងសេរីលើកទី១ឆ្នាំ២០២៤ខេត្តសៀមរាប។
ទាក់ទងនឹងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងឯកសេរីលើកទី១ឆ្នាំ២០២៤នេះដែរ លោក លី សារី បានបញ្ជាក់ថាគឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិតជាបេតិកភណ្ឌរបស់ជាតិ មានតម្លៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ។ឧត្តមភាពនៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ។
តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងនេះ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាប្រមាណពីរម៉ឺននាក់ ៕
អត្ថបទនិងរូបភាព៖ប៊ុនរដ្ឋា