ឯកឧត្ដម ហឿន សំនៀង ៖ ការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ បង្ហាញលទ្ធលចំនួន ៤ចំណុចសំខាន់ៗ
(ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបង្ហាញលទ្ធលចំនួន៤ចំណុចសំខាន់ៗ នេះបើតាមការវាយតម្លៃរបស់ឯកឧត្ដម ហឿន សំនៀង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងពិធីបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ ។
ឯកឧត្ដមអនុប្រធាន បានគូសបញ្ជាក់ថា «ការរៀបចំការការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ របស់សហព័ន្ធខ្មែរកីឡាហែលទឹកគឺយើងរៀបចំបានល្អប្រសើរ ហើយខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរដល់ក្រុមការងារគណៈកម្មការរៀបចំការប្រកួត ។ ប៉ុន្តែ យើងក៏មើលឃើញពីបញ្ហាប្រឈមចំនួន២ ដែលយើងត្រូវតែបន្តប្រឹងប្រែងស្វែងរកដំណោះស្រាយ គឺខ្វះខាតការគាំទ្របន្ថែមសម្រាប់ការរៀបចំការប្រកួតពីបណ្ដាក្រុមហ៊ុននានា និងទី២ គឺកង្វះទស្សនិកជនចូលរួមទស្សនាការប្រកួតនៅមានចំនួនតិច។
ឯកឧត្ដម បន្តថា លទ្ធផលដែលទទួលបានមាន៤ចំណុចសំខាន់គឺ៖
១-ជាការប្រកួតមួយដែលផ្ដល់លទ្ធភាពឲ្យសហព័ន្ធអាចជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិប្រចាំឆ្នាំ។ ២-កីឡាករ-កីឡាការិនីមួយចំនួនទទួលបានថេរវេលាថ្មីសម្រាប់ពួកគេ។ ៣-កីឡាករ-កីឡាការិនីបានខិតខំប្រឹងប្រែងក្នុងការប្រកួតប្រជែងអស់ពីលទ្ធភាព។ និង៤-កីឡាករ-កីឡាការិនីគោរពតាមបទបញ្ជានៃការប្រកួតយ៉ាងត្រឹមត្រូវ ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញពីគោលបំណងសំខាន់ៗចំនួន២ផងដែរ ទី១គឺយើងធ្វើការប្រកួតបិទបញ្ចប់ការប្រកួតចុងក្រោយប្រចាំឆ្នាំ និងដើម្បីធ្វើការសម្រេចជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិសម្រាប់ឆ្នាំ២០២៥ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។
សម្រាប់លទ្ធផលវិញ លេខ១ ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយមាស ៦ ប្រាក់៥ សំរឹទ្ធ៣ ។ លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ ១១គ្រឿង និងលេខ៣ សមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ៤ ៕






អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និង ងីម ឆៃហួត