លោក សាយ ជិះកង់ជុំវិញបឹងទន្លេសាប រៃអង្គាសថវិកាបានជាង ២ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញនិងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
(ភ្នំពេញ)៖ ដើម្បីចូលរួមកម្មវិធីសប្បុរសធម៌ លោក អ៊ួន បឋម ហៅ សាយ បានចំណាយពេល ៨យប់ ៩ថ្ងៃ ក្នុងការជិះកង់ជុំវិញបឹងទន្លេសាប ហើយបន្តរត់ចម្ងាយ ១៦គីឡូម៉ែត្រ ពីពហុកីឡដ្ឋានមរតកតេជោ មកដល់ជ្រោយចង្វារ និងបន្តហែលទឹកពីជ្រោយចង្វារមកច្រាំងទន្លេចតុមុខ មុខព្រះបរមរាជវាំង ។ បេសកកម្មសប្បុរសធម៌របស់ លោក សាយ បានបញ្ចប់បេសកកម្ម ជិះកង់ជុំវិញបឹងទន្លេសាប ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ។
លោក សាយ បានបញ្ជាក់នៅក្នុងកិច្ចសម្ផាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខព្រះបរមរាជវាំងជាទីកន្លែងបញ្ចប់បេសកកម្ម ក៏ដូចជារៀបចំពិធីសមដង្ហែរព្យុហយាត្រាដើម្បីអបអរសាទរ «សាទរកម្ពុជា» ដែលនិងប្រារព្ធធ្វើឡើងនៅខែថ្ងៃទី៣១ ខែធ្នូ ស្អែកនេះ ថា បេសកកម្មលើកនេះ សាយ រត់ ជិះកង់ និងហែលទឹក ជុំវិញបឹងទន្លេសាប កៀរគរថវិកាជាង ២ម៉ឺន ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណដល់ លោក សាយ និងប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
ឯកឧត្តម បញ្ជាក់ថា សាយ គឺជាតួអង្គមួយសំខាន់ ដែលធ្លាប់ធ្វើសកម្មភាពមនុស្សធម៌កីឡា និងសង្គម ជាច្រើន ហើយលើកនេះ ភ្ជាប់ទៅនិងព្រឹត្តិការណ៍ សាទរកម្ពុជា មានការបំផុសចលនា និងរៃអង្គាស គៀងគរថវិកា បន្ថែមទៅដល់មន្ទីរពេទ្យ ពិសេសសំរាប់កុមារយើងនៅកម្ពុជា។
គួរបញ្ជាក់ថា សាយ បានចេញដំណើរពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង បានត្រលប់មកដល់ភ្នំពេញវិញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទន្លេបួនមុខ ខាងមុខព្រះបរមរាជវាំងចរតុមុខមង្គល។
ក្នុងនាមពលរដ្ឋមួយរូប ពិតជាមានមោទនភាពបំផុតចំពោះសកម្មភាពរបស់ សាយ និយាយដោយឡែក និងសប្បុរសជននានានិយាយជារួម, ដែលតែងតែ ធ្វើសកម្មភាព រួមគ្នារក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ៕
ដោយ ៖ ង៉ាន់ ទិត្យ