យន្តហោះវៀតណាមចុះចតបន្ទាន់ ក្រោយអ្នកដំណើរម្នាក់ជួបបញ្ហាសុខភាព
ហាណូយ ៖ បើតាមកាសែត VNexpress បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines
បានសម្រេចឲ្យជើងហោះហើរ VN307 ដែលធ្វើដំណើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងហូជីមិញ ធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន Taoyuan កោះតៃវ៉ាន់ ដើម្បីផ្តល់ការថែទាំសុខភាព ជាបន្ទាន់ ដល់អ្នកដំណើរម្នាក់ ដែលមានបញ្ហាសុខភាព។
ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសុក្រ។ ប្រហែលពីរម៉ោង បន្ទាប់ពីការហោះហើរ អ្នកដំណើរជាបុរសជនជាតិវៀតណាម អាយុ ៣២ឆ្នាំម្នាក់ បានចាប់ផ្តើមមានបញ្ហាសុខភាព រួមទាំង រោគសញ្ញានៃសម្ពាធឈាមទាប និងត្រជាក់ដៃ និងជើង។ បុគ្គលិកនៅលើយន្តហោះបានអំពាវនាវសុំជំនួយ ហើយគិលានុបដ្ឋាយិកា នៅលើយន្តហោះ បានវាយតម្លៃស្ថានភាពរបស់អ្នកដំណើរ ដោយកំណត់ថា ការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ គឺជាការចាំបាច់ ដើម្បីជួយសង្គ្រោះជីវិត។
បន្ទាប់ពីពិភាក្សា ជាមួយមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមហ៊ុន Vietnam Airlines ក្រុមការងារបានសម្រេចចិត្តបង្វែរការហោះហើរ ទៅអាកាសយានដ្ឋាន Taoyuan ដោយចុះចត នៅម៉ោង ១ និង ២៧ នាទីរសៀល។ ពេលចុះចតភ្លាម ការិយាល័យអាកាសចរណ៍វៀតណាម នៅតៃវ៉ាន់ បានរៀបចំដឹកអ្នកដំណើរ ទៅមន្ទីរពេទ្យ ក្នុងស្រុកភ្លាមៗ។
យន្តហោះបានបន្តការធ្វើដំណើររបស់ខ្លួន ទៅកាន់ទីក្រុងហូជីមិញ បន្ទាប់ពីការពន្យាពេល នេះបើតាមកាសែត VNexpress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត