ព្រឹត្តិការណ៍ប្រណាំងពានរង្វាន់ WM 125cc Team Training Test ឆ្នាំ២០២៤បានបញ្ចប់ដោយជោគជ័យ
(កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍ប្រណាំង WM 125cc Karting Championship សម្រាប់ឆ្នាំ២០២៤ ដែលជាការព្រឹត្តការណ៍ប្រណាំងលើក ហ្កោខាត លើកដំបូងនៅក្នុងប្រទេសកម្ពុជា នៅក្នុងទីលានប្រណាំងយានយន្ត Yamamoto Circuit Cambodia ស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ម៉ុងឬទ្ធី ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺបានបញ្ចប់ដោយជោគជ័យ ។
កីឡាករជ័យលាភីលេខ១ យៀន ភិរក្សយុទ្ធ បានបញ្ជាក់ថា ការប្រកួតនេះពិតជាតានតឹងខ្លាំងណាស់ ដោយកីឡាករមកពីក្រៅប្រទេសនានាសុទ្ធតែខ្លាំងៗ ដែលធ្វើឱ្យកីឡាករជ័យលាភីរូបនេះបានបោះជំហានទៅមុនថែមមួយកម្រិតទៀត ជាពិសេសបានធ្វើឱ្យខ្លួនបានស្វែងយល់ពីបទបញ្ជាការប្រកួត វិន័យតឹងរឹងក្នុងការប្រកួត ដែលជាកម្រិតអភិវឌ្ឍបានល្អប្រសើរ។ បើយើងចង់ខ្លាំងពូកែក្នុងកីឡានេះ គឺទាមទារនូវទេពកោសល្យល្អ ថាមពលកម្លាំងមាំមួន បូករួមទាំងការហ្វឹកហាត់ខ្លាំងក្លា ក្នុងការសម្រួចគុណភាពបច្ចេកទេសឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ប្រកួតជាដើម។ លោកពិតជាមានមោទនភាព ដោយនេះជាលើកទី១ ដែលយើងបានរៀបចំជាលើកទី១ នៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ ហើយត្រៀមឆ្ពោះទៅឆ្នាំ២០២៥ខាងមុខ។
លោកយល់ឃើញថា វិស័យកីឡា Go Kart នេះនឹងកាន់តែរីកចម្រើនសម្រាប់កម្ពុជា ហើយការរៀបចំក្លឹប WM ដែលរៀបចំខ្នាតអាជីពមួយ ក្នុងគោលដៅបង្កើនសមត្ថភាពដល់កីឡាករចូលរួមប្រកួតកុំឱ្យមានគ្រោះថ្នាក់កើតឡើង ស្របតាមគោលការណ៍របស់ FIA។ ដូច្នេះហើយ លោក ទេព រិទ្ធិវិទ្ធ យល់ឃើញថា វិស័យកីឡា Go Kart នៅប្រទេសកម្ពុជានឹងកាន់តែល្អប្រសើរ នាថ្ងៃអនាគត។ លោក ទេព រិទ្ធិវិទ្ធ ដែលជាកីឡាករវ័យចាស់មួយរូបដែរ បានសង្កត់ធ្ងន់បន្ថែមថា លោកមានគោលដៅចង់ជំរុញកីឡាករវ័យក្មេងឱ្យកាន់តែរីកចម្រើន ហើយលោកបានលើកទឹកចិត្ដដល់កីឡាករGo Kart កម្ពុជាឱ្យពង្រឹងគុណភាពបច្ចេកទេសរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ថូ ម៉ាស អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងនេះ គឺជាការប្រណាំងមួយមានកម្រិតខ្ពស់ ។ ព្រោះលោកមានបំណងជំរុញឱ្យកីឡាករកម្ពុជាឈានជើងចូលរួមប្រណាំងកម្រិតអន្តរជាតិ ។ លោក អះអាងថា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ និងរៀបចំការប្រណាំងកម្រិតខ្ពស់កម្រិតអន្តរជាតិ នៅលើទឹកដីប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតនេះបានរកឃើញជ័យលាភីនូវចំណាត់ថ្នាក់ រួមមាន៖ លេខ ១ បានទៅលើកីឡាករកម្ពុជា យៀន ភិរក្សយុទ្ធ ក្នុងថិរវេលាសរុប 8:52.484, លេខ ២ កីឡាការិនីជនជាតិចិន NG SHUK FONG ក្នុងថិរវេលាសរុប 8:59.645, លេខ ៣ បានទៅលើកីឡាករកម្ពជា ទេព រិទ្ធីវិទ្ធ ក្នុងថិរវេលាសរុប 8:59.786។ ចំពោះកីឡាករ យៀន ភិរក្សយុទ្ធ ក៏ទទួលបានពានរង្វាន់មួយទៀតគឺជាពានរង្វាន់ដែលជិះបានក្នុងថិរវេលាល្អបំផុត 52.694 ផងដែរ៕







រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ