កម្ពុជា នៅមិនដល់ ២៤ម៉ោងទៀតទេ នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្នុងពិធីឆ្លងឆ្នាំ ២០២៥
(ភ្នំពេញ)៖ ពិភពលោកនៅសល់មិនដល់រយៈពេល ២៤ម៉ោង ទៀតឡើយ នឹងត្រូវឆ្លងឆ្នាំ២០២៤ ឈានចូលដល់ឆ្នាំ ២០២៥ ហើយ ។ កម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៥ បានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិ ការណ៍ដ៏ធំមួយ នឹងលើកដំបូងគេបង្អស់មិនធ្លាប់មាននៅក្នុងពិធីឆ្លងឆ្នាំ ធ្វើឡើងនៅមុខសួនព្រះបរមរាជរាំង ដោយបានពីអត្តសញ្ញាណជាតិផ្សារភ្ជាប់អំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិជាតិកម្ពុជា ។
ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ម៉ោង ១ទាបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅបរិវេនសួនច្បារទល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» នោះ នឹងមានកម្មវិធីដង្ហែរដោយថ្មើរជើងនៅក្នុងក្បួន សាទរកម្ពុជា ដោយមានមនុស្សចូលរួមដង្ហែជាង ៣០០០នាក់ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង។
ពេលវេលាកាន់តែខិតជិតមកដល់ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវគេឃើញមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការហាត់សម ដើម្បីរៀបចំកម្មវិធីដង្ហែក្បួន ។ កម្មវិធីដង្ហែនឹងមានបង្ហាញជូននូវទស្សនីយភាពបែបវប្បធម៌ប្រពៃណីជាច្រើនជូនដល់ពលរដ្ឋខ្មែរនៅក្នុងក្បួន ដែលមានដូចជា ល្ខោនស្រមោលស្បែកធំ ដែលជាសិល្បៈបុរាណដ៏ផូរផង់របស់កម្ពុជា, ស្គរជ័យដ៏ធំបំផុតដែលទម្ងន់រហូតដល់ទៅ៣តោន, ទីងមោងចំនួន៨៥ រួមមាន ទីងមោងមុខយក្ស ទីងមោងមុខទេវតា និងទីងមោងមុខមនុស្សាស្រីប្រុសជាដើម, គោមយក្សចំនួន៦, ការបង្ហោះគោមយក្សហោះដ៏ធំ និងតួអង្គយក្សល្ខោនបាសាក់ចំនួន ២០០នាក់ផងដែរ ។
នៅក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា ក៏នៅមានកម្មវិធីបង្ហូតទង់ជាតិដ៏ធំនៅមុខព្រះបរមរាជវាំង, កម្មវិធីកម្សាន្តចម្រុះជាច្រើន, ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈដោយសិល្បៈករល្បីៗជាច្រើនរូប រួមជាមួយកម្មវិធីសប្បាយៗក្នុងការរាប់ថយក្រោយនៃកម្មវិធីឆ្លងឆ្នាំសកលរួមគ្នា ការបាញ់កាំជ្រូចឆ្លងឆ្នាំជុំគ្នា និងការរចនាតុបតែងដ៏ស្រស់ស្អាត ដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យនូវឧបករណ៍ដែលសម្បតិ្តវប្បធម៌ជាតិប្រកដោយភាពទាក់ទាញផ្សេងៗជាច្រើនទៀត ។
យោងតាមប្រសាសន៍ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ព្រឹត្តិការណ៍ សាទរកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គឺជារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ដែលនឹងនាំមកនូវស្នាមញញឹម នៃការរួបរួមជាធ្លុងមួយ ប្រកបដោយមោទនាភាពជាតិ ក្រោមទង់នៃព្រះរាជាណាចក្រកម្ពុជាតែមួយ ។ ការតុបតែង នឹងក្លាយជាទីតាំងមួយ ដែលរំលឹកដល់បណ្តាល្បែងកម្សាន្ដប្រជាប្រិយនាទសវត្សទី៩០ ឧទាហរណ៍ ល្បែងលេងលោតមឹកជាដើម ដែលជាតំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ ។
សូមចូលរួមទាំងអស់គ្នានៅក្នុងព្រឹត្តិការណ៍នៃការសាទរដល់សង្គមដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណជាតិ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ ក៏ដូចជាការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ ៕
អត្ថបទ ៖ គង់ សុផុល