ប្រតិបត្តិករទេសចរណ៍រំពឹងថា ក្នុងឱកាសឆ្លងឆ្នាំសកលនឹងមាន​ភ្ញៀវ​មកលេងខេត្តកំពតច្រើន

កំពត៖ខណៈដែលឆ្នាំ២០២៤ នឹងបញ្ចប់នៅរាត្រីថ្ងៃពុធឆាប់ៗខាងមុខ​នេះ ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តកំពត បាន​ត្រៀមកម្មវិធី​កម្សាន្ត​សប្បាយផ្សេងៗជាច្រើន នៅនឹងកន្លែងរបស់ខ្លួន ដើម្បី​ទទួលស្វាគមន៍​ភ្ញៀវ ក្នុងឱកាសបុណ្យ​ឆ្លង​ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ។ពួកគាត់រំពឹង​នឹងមានភ្ញៀវមកលេងច្រើនជាងឆ្នាំមុនៗ ខណៈមន្ត្រី​ជំនាញប្រាប់ថា ការកក់​បន្ទប់ស្នាក់មានរង្វង់៨០ ភាគរយគិតត្រឹមថ្ងៃចន្ទ។

អ្នកគ្រប់គ្រងផ្នែករៀបចំបន្ទប់ របស់ ហ្គូដ ថាម រីឡែក រីស៊ត (Good Time Relax  Resort)  លោក ស៊ន សុង បាន​ប្រាប់ថា រីស៊ត របស់លោកបានត្រៀមរៀបចំកម្មវិធីឆ្លងឆ្នាំ ជូនភ្ញៀវរបស់ខ្លួនរួចរាល់​ហើយ ខណៈទទួល​ការកក់បន្ទប់​ជាង​៨០ភាគរយ ។អ្នកគ្រប់គ្រង​រូបនោះរំពឹងថា ឆ្នាំនេះនឹងមានភ្ញៀវមកលេងនៅខេត្តកំពតច្រើន ។
 
ចំណែកអ្នកគ្រប់គ្រងបុគ្គលិកនៃរមណីយដ្ឋានដូងទេ បានបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំ២០២៤ សេវាស្នាក់នៅ​បានពេញអស់​យូរហើយ ។ ដោយឡែកសេវាម្ហូបអាហារ ខាងដូងទេបានបន្ថែម​បុគ្កលិក តុកៅអី គ្រឿងសមុទ្រ​ច្រើន​ជាងធម្មតា។រមណីយដ្ឋានដូងទេ នឹងមានការប្រគំតន្ត្រីពីព្រឹករហូតដល់ ពេលរាប់ថយក្រោយនារាត្រី។

ដោយឡែកភ្ញៀវទេសចរមកពីខេត្តបន្ទាយមានជ័យ និងសៀមរាបបាន​បង្ហាញអារម្មណ៍រំភើបរីករាយ ពេលឃើញទេសភាព​ដ៏ស្រស់ស្អាតនៅ​រមណីយដ្ឋានដូងទេ ពិសេសឃើញការតុបតែងលម្អក្រុងកំពត ថាពិតជាប្លែក និងទាក់ទាញធ្វើ​ឲ្យ​គាត់មិនចង់ត្រឡប់ទៅផ្ទះវិញទេ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើក​ឡើងថា រដ្ឋបាលខេត្តកំពតក្រោមការ​ចង្អុលបង្ហាញ​របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានត្រៀមលក្ខណៈរួចរាល់តាំងពីបុណ្យសមុទ្រ ទាំងការងារលម្អក្រុង ការងារ​ពង្រឹងសេវាកម្មទេសចរណ៍ ពិសេស​តម្លៃតែម្តង។លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវបានកក់​បន្ទប់បានរង្វង់​៨០​ភាគរយ​ហើយ  ។រដ្ឋបាលខេត្តបានត្រៀមរួចជាស្រេច​ហើយសម្រាប់ការប្រគំតន្ត្រី  ការសម្តែងសិល្បៈ កីឡា និងការបាញ់កាំ​ជ្រួច៕

អត្ថបទនិងរូបភាព៖សិលា សារិន

ads banner