មេដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ជនក្បត់ជាតិ៣ជំនាន់ បង្កើតចលនាតស៊ូជាតិ និងចលនាផ្ការីក គឺមិនចង់ឱ្យកម្ពុជាមានសន្តិភាពនោះទេ

ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំ​សមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតចលនាតស៊ូជាតិ និងចលនាផ្ការីក ពីសំណាក់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី គឺបានបង្ហាញយ៉ាងច្បាស់ថា ជនក្បត់ជាតិរូបនេះមិនចង់ឱ្យប្រទេសកម្ពុជាមានសន្តិភាពនោះទេ ពោលគឺអ្វីដែលគេចង់បាន គឺការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីយកអំណាចតែប៉ុណ្ណោះ។ ការបញ្ជាក់នេះក្នុងពិធីបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

បណ្ឌិត ហែម ប្រសើរ បានបន្តថា ជនក្បត់ជាតិរូបនេះ បានធ្វើសព្វបែបយ៉ាងនៅក្នុងអង្គការសហប្រជាជាតិ និងសភាអឺរ៉ុបបង្កាច់បង្ខូចប្រទេសកម្ពុជា ដើម្បីផលប្រយោជន៍បក្ខពួកខ្លួន និងបានចោទប្រកាន់ថា កម្ពុជាមិនមានសិទ្ធិសេរីភាព មិនមានសិទ្ធិមនុស្ស និងធ្វើបដិវត្តន៍ពណ៌ដោយបានអំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយយកគំរូតាមប្រទេសស៊ីរី បង់ក្លាដេស និងប្រទេសមួយចំនួនទៀតដែលកំពុងតែកើតមានសង្គ្រាម។ នេះហើយដែលប្រជាពលរដ្ឋបានឃើញទាំងអស់គ្នាហើយថា ជនក្បត់ជាតិរូបនេះមិនចង់បានសន្តិភាពទេ។ បណ្ឌិត ហែម ប្រសើរ មានបន្តទៀតថា ជនក្បត់ជាតិបីជំនាន់ និងក្រុមជ្រុលនិយម បានទៅសភាអឺរ៉ុបដោយបានស្នើឱ្យកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បានបង្ហាញឱ្យឃើញច្បាស់ថា ជនក្បត់ជាតិរូបនេះមិនស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ហើយក៏មិនស្រឡាញ់កម្មករដែរ។

ជាមួយគ្នានេះ បណ្ឌិត ហែម ប្រសើរ បានសូមឱ្យគណបក្សនយោបាយ សមាគមអង្គការសង្គមស៊ីវិលរួមគ្នាការពារសុខសន្តិភាពឱ្យបានជាដាច់ខាត និងឱ្យសមាគមអង្គការ សមាគមអ្នកសារព័ត៌មាន និងគណបក្សនយោបាយ ថែរក្សាសន្តិភាព និងការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ានយោបាយឈ្នះ ឈ្នះ ក្នុងរយៈពេល២៦ឆ្នាំ និងបន្តថែរក្សាការពារសន្តិភាពដែលសម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាពរកយកមកទាំងលំបាក ហើយជួយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ និងសាធារណជន ពីសមិទ្ធផលគុណតម្លៃនៃសន្តិភាព ដែលសម្តេចតេជោ បានខិតខំកសាងនិងលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនដល់ប្រជាជនកម្ពុជា។ ចូលរួមបំបាត់នូវព័ត៌មានក្លែងក្លាយពីក្រុមប្រឆាំងជ្រុលនិយម ដែលផ្សាយព័ត៌មានបំភ្លៃ ញុះញង់ ដោយគ្មានមូលដ្ឋានការពិត។ រួមគ្នាថែរក្សាការពារផ្ការីកក្នុងសន្តិភាព ឱ្យបានគ្រប់ទិសទីទូទាំងប្រទេស ដើម្បីបំបាត់ចោលផ្ការីកដែលប៉ុនប៉ងបំផ្លាញដល់សន្តិភាពនៅកម្ពុជា៕
ដោយ៖ពលជ័យ

ads banner