លោក មឿន សម្បត្តិ ប្តេជ្ញាបន្តឧបត្ថម្ភធំកីឡាហាប់គីដូឱ្យកាន់តែអភិវឌ្ឈ និងរីកចម្រើន

(ភ្នំពេញ)៖ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាបានបង្ហាញពីការប្តេជ្ញាខ្ពស់ថា ក្រុមហ៊ុនរបស់លោកនឹងបន្តការគាំទ្រ ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។

ការលើកឡើងរបស់អ្នកគ្រប់គ្រងរូបនេះ នៅក្នុងបទសម្ភាសន៍មួយ ក្រោយបញ្ចប់ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ។

លោក មឿន សម្បត្តិ បានលើកឡើងទៀតថា ក្នុងនាមតំណាងក្រុមហ៊ុន​លោកពិតជាមានក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍​កីឡាហាប់គីដូប្រចាំឆ្នាំនេះ ដើម្បីផលិតធនធានកីឡាករ កីឡាការិនី​ឱ្យកាន់​តែមានគុណភាព សម្រាប់ជាតិ និងត្រៀមចូលរួមប្រកួតអន្តរជាតិនានា នាពេលបន្តបន្ទាប់ទៀត។ «ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា តែងតែចូលរួម​ឧបត្ថម្ភ​គាំទ្រគ្រប់សកម្មភាពកីឡាហាប់គីដូកម្ពុជា ក្នុងនោះមានដូចជាការ​ប្រកួត​ជើងឯកថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០២៣ កន្លងទៅ និងការ​ប្រកួត​ជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ក៏ដូចជាឧបត្ថម្ភគាំទ្រដល់​កីឡាករ កីឡាការិនីជម្រើសជាតិ ដែលបានចេញទៅប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ ដោយដណ្តើមបានសមិទ្ធ​ផល​ធំធេងជូនជាតិ ដោយឈ្នះមេដាយសរុប ៤០គ្រឿង។ ទាំងនេះ គឺជា​មោទនភាពជាតិ ដែលជំរុញឱ្យវិស័យកីឡាហាប់គីដូកម្ពុជា​កាន់តែមានភាពរីក​ចម្រើនតទៅមុខទៀត»។

«បច្ចុប្បន្ន រាល់សកម្មភាពកីឡាហាប់គីដូ យើងតែងតែចូលរួមឧបត្ថម្ភគាំទ្រ និង​ជួយផ្សព្វផ្សាយនៅតាមរាជធានីខេត្តនានាផងដែរ។ តាមពិតទៅ ក្រុមហ៊ុន​ផ្តោតសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ ប៉ុន្តែក្រុមហ៊ុន ឡារីតា តែងតែចូលរួមជំរុញគាំទ្រដល់ដំណើការអភិវឌ្ឍជំនាញកីឡាមួយនេះរបស់កម្ពុជា ក្នុងគោលដៅលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីហាប់គីដូហ្វឹក​ហាត់ និងការប្រកួតនានា ពង្រឹងសមត្ថភាព និងរួមគ្នាគាំទ្រឱ្យមានភាព​ជោគជ័យ​ដល់​ប្រទេសជាតិរបស់យើង»។ លោក មឿន សម្បត្តិ បានគូសបញ្ជាក់បន្ថែម។

យ៉ាងណា អ្នកគ្រប់គ្រងរូបនេះប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តជួយជ្រោមជ្រែង​ឱ្យ​អស់​​ពីលទ្ធភាព ហើយក្នុងនាមជាក្រុមហ៊ុន ក៏សូមឱ្យអតិថិជនរបស់យើង​ទាំងអស់គ្នា​សូមបន្តគាំទ្រសេវាដឹកជញ្ជូនអ្នកដំណើរ ដើម្បីឱ្យក្រុមហ៊ុន ឡារីតា បន្តជួយគាំទ្រដល់សកម្មភាពកីឡានេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែង​មេដាយចំនួន ៨៧នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ៦៧នាក់ (កីឡាការិនី ២៧នាក់) ក្រោមការរៀបចំ និងចំណាយថវិកាផ្ទាល់ខ្លួនរបស់​សហព័ន្ធខ្មែរកីឡាហាប់គីដូ និងក្រុមហ៊ុនដៃគូអភិវឌ្ឍមួយចំនួន ដោយក្រុមហ៊ុន ឡារីតា ជាម្ចាស់ឧបត្ថម្ភធំ។ លទ្ធផលការប្រកួត រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបក្រសួងមហាផ្ទៃ មេដាយសរុប ២៦គ្រឿង ក្នុងនោះមេដាយមាស ១២ ប្រាក់៧ និងសំរឹទ្ធ៧, លេខ២ ក្លឹបធីណា មេដាយសរុប ២២គ្រឿង មានមាស ៥ ប្រាក់៩ និងសំរឹទ្ធ៨, និងលេខ៣ ក្លឹបអូឡាំពិក មេដាយសរុប១៨ មានមាស៤ ប្រាក់៣ និងសំរឹទ្ធ១១, នឹងមានក្លឹបជាច្រើនទៀតឈ្នះមេដាយផងដែរ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner