តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួនប្រធានាធិបតី Yoon
បរទេស ៖ តុលាការកូរ៉េខាងត្បូងបានអះអាង កាលពីថ្ងៃចន្ទថា ខ្លួនបានសម្រេចចេញដីកាចាប់ខ្លួន លោក Yoon Suk Yeol ប្រធានាធិបតី ព្យួរតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ពោលគឺបន្ទាប់លោកបដិសេធមិនចូលខ្លួន សម្រាប់ការសាកសួរ ច្រើនលើក។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមស៊ើបអង្កេតបាននិយាយថា «ទីស្នាក់ការកណ្តាលស៊ើបអង្កេតរួមបានដាក់ចេញដីកា ចាប់ខ្លួនប្រធានាធិបតី យន់ ទៅកាន់តុលាការ Seoul Western»។ នេះគឺជាការប៉ុនប៉ងលើកដំបូង ដើម្បីឃុំខ្លួនប្រធានាធិបតី។ លោក Yoon ត្រូវបានសភាដកចេញពីតួនាទីប្រធានាធិបតី ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី ក្នុងខែនេះ។
លោក Yoon ដែលធ្លាប់ធ្វើជារដ្ឋអាជ្ញាផងនោះ ត្រូវបានកោះហៅ ចំនួនបីដង សម្រាប់ការសាកសួរ ប៉ុន្តែ បានបដិសេធ មិនបង្ហាញខ្លួនរាល់ដង រួមទាំង ការខកខានម្សិលមិញ។ មេដឹកនាំអភិរក្សនិយម រូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ឬ សូម្បីតែទោសប្រហារជីវិត។ លោកកំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋអាជ្ញា សហការជាមួយ ស្ថាប័នប៉ូលិស ក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។
របាយការណ៍របស់រដ្ឋអាជ្ញា១០ទំព័រ ដែលមើលឃើញដោយ AFP បាននិយាយថា លោក Yoon បានអនុញ្ញាតឱ្យយោធាបាញ់អាវុធរបស់ពួកគេ ប្រសិនបើចាំបាច់ ដើម្បីចូលសភា អំឡុងពេលបោះឆ្នោតទម្លាក់ ច្បាប់អាជ្ញាសឹក របស់លោក Yoon៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត