អភិបាលរាជធានីភ្នំពេញអញ្ជើញពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ព្រឹត្តិការណ៍ «សាទរកម្ពុជា»

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្វធ្វើឡើងចាប់ពីម៉ោង៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យនិងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង បានពិនិត្យមើលការលក់ដូរបស់បងប្អូនអាជីករ និងក្រុមហ៊ុនឯកជន ដែលដាក់តាំងលក់ផលិទ្ធផលក្នុងស្រុក និងក្រៅស្រុក តាមតូប ស្តង់ ជាប់មាត់ទន្លេ ដោយបានធ្វើការណែនាំ អាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំនៅក្នុងនិងក្រៅអង្គពិធី។

ចំណែកការរក្សាអនាម័យបរិស្ថាន ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យឯកឧត្ដមអភិបាលរងទទួលបន្ទុកជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាមធ្វើសកម្មភាពជាប្រចាំ ពោលគឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត ចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner