យន្តហោះមួយទៀតរបស់ Jeju Air ជួបបញ្ហាពេលចុះចត
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air បាននិយាយថា កាលពីថ្ងៃចន្ទ ជើងហោះហើរមួយ ពីទីក្រុងសេអ៊ូល ត្រូវបានបង្ខំឱ្យត្រលប់មកវិញ បន្ទាប់ពីជួបបញ្ហាឧបករណ៍ចុះចត ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីការផ្ទុះឆេះយន្តហោះរបស់ Jeju Air នេះដូចគ្នា ដែលបានសម្លាប់មនុស្ស ១៧៩នាក់ លើយន្តហោះ។
យន្តហោះ Boeing 737-800 ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុចុងក្រោយនេះ គឺជាម៉ូដែលដូចគ្នាទៅនឹងយន្តហោះរបស់ Jeju Air ដែលបានធ្លាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានបញ្ហាពេលចុះចត ហើយបានជ្រុលទៅបុករនាំងបេតុង។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងបាននិយាយថា យន្តហោះ Jeju Air Flight 7C101 ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ទីក្រុងសេអ៊ូល ទៅកាន់កោះ Jeju នៅម៉ោងប្រហែល ៦.៣៧ព្រឹក បានត្រលប់ទៅ Gimpo វិញ នៅម៉ោង ៧.២៥ ព្រឹក ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីបញ្ហាឧបករណ៍ចុះចត ត្រូវបានរកឃើញថា មានបញ្ហាបច្ចេកទេសភ្លាមៗ បន្ទាប់ពីការហោះហើរ។
លោក Song Kyung-hoon មន្ត្រីជាន់ខ្ពស់របស់ Jeju Air បានប្រាប់សន្និសីទសារព័ត៌មានថា «ភ្លាមៗបន្ទាប់ពីការហោះហើរ សញ្ញាដែលបង្ហាញពីបញ្ហាឧបករណ៍ចុះចតត្រូវបានរកឃើញ នៅលើប្រព័ន្ធត្រួតពិនិត្យយន្តហោះ»។
លោកបន្តថា «នៅម៉ោង ៦៖៥៧ ព្រឹក កាពីទែន បានទាក់ទងមក ហើយបន្ទាប់ពីមានវិធានការបន្ថែម ឧបករណ៍ចុះចតបានកែសម្រួល ឲ្យដំណើរការធម្មតាវិញ ទោះជាយ៉ាងណាក៏ដោយ យន្តហោះនៅតែហោះត្រលប់ទៅព្រលានយន្តហោះដើមវិញ ដើម្បីត្រួតពិនិត្យយន្តហោះ ឱ្យបានហ្មត់ចត់»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដំណើរ ២១នាក់បានជ្រើសរើស មិនឡើងជិះយន្តហោះជំនួសទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព និងហេតុផលផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្នុងចំណោមយន្តហោះចំនួន៤១គ្រឿង របស់ Jeju Air មានយន្តហោះ Boeing 737-800 ចំនួន ៣៩គ្រឿង។
ទីក្រុងសេអ៊ូលបាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើការត្រួតពិនិត្យជាពិសេស លើយន្តហោះ Boeing 737-800 ទាំង១០១គ្រឿង ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកូរ៉េខាងងត្បូង ដោយមានអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលអាចរាប់បញ្ចូលទាំង ក្រុមហ៊ុនផលិតយន្តហោះ Boeing ចូលរួមការស៊ើបអង្កេត លើបញ្ហាថ្មីៗនេះ ផងដែរ។
លោក Joo Jong-wan ប្រធានការិយាល័យគោលនយោបាយអាកាសចរណ៍ នៃក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយថា «យើងកំពុងពិនិត្យមើលផែនការ ដើម្បីធ្វើការត្រួតពិនិត្យពិសេស លើយន្តហោះ B737-800»។ លោក Joo បានបន្ថែមថា រដ្ឋាភិបាលគ្រោងនឹងអនុវត្តការត្រួតពិនិត្យសុវត្ថិភាពអាកាសចរណ៍ យ៉ាងម៉ត់ចត់ ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុ ជាពិសេស ឧបករណ៍ចុះចត។
អំឡុងការធ្លាក់ កាលពីថ្ងៃអាទិត្យ នៅព្រលាន្តយន្តហោះ Muan យន្តហោះ Boeing 737-800 ដឹកមនុស្ស ១៨១នាក់ពីប្រទេសថៃ ទៅកាន់កូរ៉េខាងត្បូង បានធ្វើចុះចតជួបបញ្ហា ហើយបានជ្រុលទៅបុករនាំងបេតុង ផ្ទុះបង្កជាអណ្តាតភ្លើង។ គ្រប់គ្នានៅលើជើងយន្តហោះ Jeju Air Flight 2216 ត្រូវបានសម្លាប់ ប៉ុន្តែ បានជួយសង្គ្រោះអ្នកបម្រើ លើយន្តហោះពីរនាក់ ឲ្យនៅមានជីវិតរស់ ដោយត្រូវបានទាញចេញពីបំណែកយន្តហោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត