ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
(ភ្នំពេញ)៖ ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយ ព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្ញីម៉ូវីរុស«human metapneumovirus (HMPV)» បង្កឱ្យមានជំងឺផ្លូវដង្ហើម។
នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្នការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ យូមិនមេតាគ្លីម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។
យូមិនមេតាភ្លឺម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថា ប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារគឺបណ្តាលមកពីយូមិនមេតាភ្លឺម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦ភាគរយនៃកុមារនឹងវិវត្តទៅជាជំងឺរលាកទងសួត រលាកសួត ៕
ដោយ ហេង សម្បត្តិ



