ចិនបញ្ចេញនាវាផ្ទុកយន្តហោះចម្បាំងទំនើបទី៨ ពង្រឹងកម្លាំងកងទ័ពជើងទឹក
ប៉េកាំង ៖ ចិនដែលជាប្រទេសមានកងទ័ពជើងទឹកធំជាងគេលើពិភពលោក បានដាក់ដំណើរការនាវាផ្ទុកយន្តហោះចម្បាំងទី៨ ដែលជាប្រភេទនាវាចម្បាំងទំនើបដ៏មានអានុភាពដល់កងទ័ពជើងទឹក ខណៈដែលចិនកំពុងប្រកួតប្រជែងអំណាចយោធាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Euronews។
ដោយដាក់ឈ្មោះតាមខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន នាវាផ្ទុកយន្តហោះចម្បាំង Type 076 នេះ ត្រូវបានសាទរថា ជា «ទ្រព្យសម្បត្តិដ៏សំខាន់» សម្រាប់ជំរុញការផ្លាស់ប្តូរកម្លាំងរបស់កងទ័ពជើងទឹក និងបង្កើនសមត្ថភាពប្រតិបត្តិការរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ នាវា Type 076 មានទម្ងន់ជាង ៤០,០០០តោននេះ ស្ថិតក្នុងចំណោមនាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោក ហើយវាជាអ្នកស្នងតំណែងពីនាវា 075 Class មានទម្ងន់ ៣៥,០០០តោន។
បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវចិន នាវាចម្បាំងនេះមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ រួមមានទាំងប្រព័ន្ធអេឡិចត្រូម៉ាញេទិក ដែលនឹងធ្វើឱ្យវាមានសមត្ថភាពផ្ទុកយន្តហោះមានស្លាបទំហំធំ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ និងយន្តហោះឈ្លបយកការណ៍ចម្ងាយឆ្ងាយ។
នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់កងទ័ពជើងទឹកអាមេរិក USS Gerald R Ford ក៏ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញេទិកនេះដែរ។ កងទ័ពជើងទឹកចិនបានធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដើម្បីសម្រេចបាននូវសមត្ថភាពប្រតិបត្តិការជាសកល។
ចិន ដែលមានកងទ័ពជើងទឹកធំជាងគេលើពិភពលោក ក៏កំពុងអភិវឌ្ឍនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ដែលអនុញ្ញាតឱ្យនាវាធ្វើប្រតិបត្តិការក្នុងដែនទឹកឆ្ងាយៗ ដោយមិនចាំបាច់មានមូលដ្ឋានចាក់ប្រេង។
បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងប្រតិបត្តិការនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរចំនួន១១ ដែលអនុញ្ញាតឱ្យពួកវាអាចរក្សាវត្តមាននៅទូទាំងពិភពលោក រួមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
ប្រភព៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា