ចិនបញ្ចេញមនុស្សយន្តមានកង់ជំនាន់ទី៣ គ្រោងប្រើជួយការងារក្នុងរោងចក្រផលិតឡាន
ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានរដ្ឋចិន Guangzhou Automobile Group (GAC) បានបញ្ចេញមនុស្សយន្តគំរូប ដែលជាប្រភេទមនុស្សយន្តមានរូបរាងប្លែក ព្រោះមានអមជាមួយកង់ និងជើងទ្រ ដោយចិនមានផែនការផលិតវាជាលក្ខណៈទ្រង់ទ្រាយតូចនៅឆ្នាំ ២០២៦ ហើយនឹងបង្កើនការផលិតច្រើនឡើងបន្តិចម្តងៗ។ នេះបើតាមការចេញផ្សាដោយសារព័ត៌មាន Interesting Engineering។
មនុស្សរបស់ចិននេះ មានឈ្មោះថា GoMate វាគឺជាមនុស្សយន្តឆ្លាតវៃជំនាន់ទី ៣ ដែលចិនបង្កើតឡើងដោយផ្ទាល់ដៃខ្លួនឯង។ ចំនុចពិសេសរបស់មនសុ្សយន្តនេះ មានដូចជា៖ វាមានសមត្ថភាពធ្វើចលនាក្នុងកម្រិតខ្ពស់, ការរុករក, ការធ្វើមូលដ្ឋានីយកម្ម និងការសម្រេចចិត្តដោយស្វ័យប្រវត្តិ។
ដំណើរការដោយថាមពលថ្មផលិតដោយក្រុមហ៊ុន GAC Group ផ្ទាល់ GoMate អាចដំណើរការបានដល់ទៅ៦ម៉ោង ហើយអាចផ្លាស់ប្តូរពីកង់បួនទៅកង់ពីរយ៉ាងរលូន ដើម្បីងាយស្រួលក្នុងការធ្វើសកម្មភាពផ្សេងៗ មិនថា ឡើងភ្នំ និងចុះជណ្តើរ។ វាមានកម្ពស់ ១.៤ម៉ែត្រក្នុងទម្រង់កង់បួន និងកម្ពស់ ១.៧៥ម៉ែត្រក្នុងទម្រងកង់ពីរ។
ទៅថ្ងៃអនាគត ក្រុមហ៊ុន GAC គ្រោងនឹងសាកល្បងប្រើប្រាស់មនុស្សយន្ត GoMate នៅក្នុងខ្សែសង្វាក់ផលិតកម្មឡានរបស់ខ្លួនក្រុមហ៊ុនផ្ទាល់ និងសួនឧស្សាហកម្មដែលពាក់ព័ន្ធ ហើយការផលិតគ្រឿងបន្លាស់ជាច្រើននឹងចាប់ផ្តើមពីចុងឆ្នាំ២០២៤នេះតែម្តង។
ដោយឡែកកាលពីសប្តាហ៍មុន ក្រុមហ៊ុនចិន Agibot ក៏បានប្រកាសផងដែរថា ខ្លួនកំពុងដំណើរការផលិតមនុស្សយន្តចំនួន ១,០០០គ្រឿងនៅត្រឹមឆ្នាំ ២០២៤ ដែលជានេះផែនការពោលពេញដោយមហិច្ឆិតារបស់ក្រុមហ៊ុន ដើម្បីប្រកួតប្រជែងជាមួយមនុស្សយន្ត Optimus របស់មហាសេដ្ឋកិច្ចបច្ចេកវិទ្យាអាមេរិក លោក Elon Musk៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា