រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួច ចំទិសដៅ និងឆ្លើយតបតម្រូវការជាក់ស្ដែងក្នុងបរិបទថ្មី
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសបន្ថែមដល់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្តោតលើលទ្ធផលការងារដែលសម្រេចបានធៀបនឹងកិច្ចព្រមព្រៀងសមិទ្ធកម្មដែលអគ្គនាយកដ្ឋានកសិកម្មបានចុះជាមួយក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួច ចំទិសដៅ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងបរិបទថ្មីនេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល រួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់អង្គពិធីត្រូវផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គពិធី ត្រូវចេះសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
ប្រភព ៖ ក្រសួងកសិកម្ម