ប្រមុខអង្គការសហប្រជាជាតិបង្ហាញក្តីសង្ឃឹមនៅក្នុងសារឆ្នាំថ្មីថា ឆ្នាំ២០២៥ នឹងក្លាយជាការចាប់ផ្តើមថ្មីមួយ
អ.ស.ប ៖ នៅក្នុងសារឆ្នាំថ្មីរបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យប្រទេសនានាលើពិភពលោក ធ្វើឱ្យឆ្នាំ ២០២៥ ក្លាយជាការចាប់ផ្តើមថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ។ លោក Guterres បាននិយាយយ៉ាងដូច្នេះថា ពេញមួយឆ្នាំ ២០២៤ ក្តីសង្ឃឹមគឺពិបាករកខ្លាំងណាស់… សង្រ្គាមកំពុងបង្កឱ្យមានការឈឺចាប់ ការរងទុក្ខវេទនា និងការផ្លាស់ទីលំនៅដ៏ធំធេង។
លោក Guterres បន្តថា ពិភពលោកទើបតែបានស៊ូទ្រាំនឹងរលកកំដៅដ៏អាក្រក់បំផុតមួយទសវត្សរ៍ ហើយឆ្នាំដែលក្តៅបំផុតទាំង១០ត្រូវបានកត់ត្រាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ រួមទាំងឆ្នាំ ២០២៤។ លោក Guterres បានជំរុញឱ្យប្រទេសនានាដាក់ពិភពលោកនៅលើផ្លូវដែលមានសុវត្ថិភាពជាងមុន តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នឱ្យបានច្រើនបំផុត និងគាំទ្រការផ្លាស់ប្តូរទៅរកថាមពលស្អាតទៅថ្ងៃអនាគត។
លោក Guterres បានបញ្ជាក់ថា កតិកាសញ្ញាសម្រាប់អនាគត ដែលបានអនុម័តកាលពីខែកញ្ញា “គឺជាការជំរុញថ្មីមួយ” ដើម្បីកសាងសន្តិភាព តាមរយៈការរំសាយអាវុធ និងការទប់ស្កាត់, កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល ហើយប្រកាន់ខ្ជាប់នូវគុណតម្លៃ និងគោលការណ៍ដែលចែងដោយសិទ្ធិមនុស្ស, ច្បាប់អន្តរជាតិ និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ទៀតថា មិនមានការធានាសម្រាប់អ្វីៗដែលនឹងកើតឡើងក្នុងឆ្នាំ ២០២៥ ទេ ប៉ុន្តែលោកសន្យាថា នឹងឈរជាមួយអ្នកទាំងអស់គ្នា ដើម្បីបង្កើតអនាគតប្រកបដោយសន្តិភាព ស្មើភាព ស្ថិរភាព និងសុខាមាលភាពសម្រាប់មនុស្សទាំងអស់។ រួមគ្នាយើងអាចធ្វើឱ្យឆ្នាំ ២០២៥ ក្លាយជាការចាប់ផ្តើមថ្មីមួយ… មិនមែនជាពិភពលោកបែកបាក់គ្នាទេ… តែជាពិភពលោករួបរួមគ្នា៕
ប្រភព ៖ ឈឹម ទីណា ប្រែសម្រួល ៖ ឈឹម ទីណា