ឆ្នាំ២០២៤ ជនភៀសខ្លួនជាង ១ម៉ឺននាក់លះបង់ជីវិត ព្រោះចង់មានជីវិតភ្លឺស្វាងនៅអឺរ៉ុប

បរទេស ៖ ទោះបីជាត្រូវប្រថុយជីវិតនៅមាត់ទ្វារមរណៈនៃមហាសាគរដ៏ធំល្វឹងល្វើយក៏ដោយ ក៏ក្រុមជនចំណាកស្រុកនៅតែមិនខ្លាចរអា ហើយផ្ញើជីវិតរសាត់អណ្តែតគ្មានកោះត្រើយតាមទូកតូច-ធំ ដើម្បីស្វែងរកជីវិតភ្លឺស្វាងនៅលើទឹកដីតំបន់អឺរ៉ុបឡើយ។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយក្រុមការពារសិទ្ធិធ្វើចំណាកស្រុកអេស្ប៉ាញ បានឱ្យដឹងថ្មីៗនេះថា ជនអន្តោប្រវេសន៍ដល់ទៅជាង ១០,០០០នាក់ បានស្លាប់ចោលឆ្អឹងឆ្លាយស្រុកកំណើត នៅពេលព្យាយាមធ្វើដំណើរតាមទូកឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញតាមសមុទ្រនៅឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។

ប្រភពបានឱ្យដឹងថា ជាមធ្យម ជនចំណាកស្រុកចំនួន ៣០នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅក្នុងឆ្នាំ ២០២៤នេះ បន្ទាប់ពីពួកគេបានព្យាយាមធ្វើដំណើរប្រថុយជីវិតទៅកាន់ប្រទេសអេស្ប៉ាញតាមទូក។ យោងតាមរបាយការណ៍បានបង្ហាញថា ការស្លាប់សរុបបានកើនឡើងដល់ទៅ ៥៨ភាគរយឯណោះ បើធៀបនឹងឆ្នាំមុន។

ជនចំណាកស្រុករាប់ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថា បានចាកចេញពីទ្វីបអាហ្រ្វិកខាងលិចក្នុងឆ្នាំ ២០២៤ ឆ្ពោះទៅកាន់កោះកាណារី ដែលជាប្រជុំកោះនៃប្រទេសអេស្ប៉ាញនៅជិតឆ្នេរសមុទ្រអាហ្រ្វិក ជាគោលដៅឆ្លងកាត់ដ៏ពេញនិយមរបស់ជនចំណាកស្រុកផ្សងព្រេងទៅកាន់ទ្វីបអឺរ៉ុប។

យោងតាមតួលេខរបស់ក្រុមការពារសិទ្ធិធ្វើចំណាកស្រុកអេស្ប៉ាញ ដែលដកស្រង់ប្រភពចេញពីគ្រួសារជនចំណាកស្រុក និងស្ថិតិផ្លូវការនៃអ្នកដែលត្រូវបានជួយសង្គ្រោះ បានបង្ហាញថា ក្នុងចំណោមជនភៀសខ្លួនស្លាប់ទាំងអស់ ក្នុងនោះមានកុមារចំនួន ១,៥៣៨នាក់ និងស្ត្រីចំនួន ៤២១នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថា ខែមេសា និងខែឧសភា គឺជាខែមានជនភៀសខ្លួនស្លាប់ច្រើនជាងគេបំផុត៕

ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner