អាឡឺម៉ង់ចោទ Musk ប៉ុនប៉ងមានឥទ្ធិពលការបោះឆ្នោតរបស់ខ្លួន

បរទេស៖ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី Christiane Hoffmann បាននិយាយថា គឺជាការពិត ដែលលោក Elon Musk កំពុងព្យាយាមបញ្ចេញឥទ្ធិពល លើការបោះឆ្នោតសភា របស់អាល្លឺម៉ង់។

ជាការកត់សម្គាល់ លោកមហាសេដ្ឋី Musk ដែលជាអ្នកគាំទ្រដ៏សំខាន់ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក នៅក្នុងខែនេះថា «មានតែ AfD ទេដែលអាចជួយសង្គ្រោះប្រទេសអាល្លឺម៉ង់» ។ បន្ទាប់មក លោកបានអះអាងពីសារនេះ ម្តងទៀត ជាមួយនឹងមតិមួយ នៅក្នុងកាសែតអាល្លឺម៉ង់ Sunday។

លោកស្រី អ្នកនាំពាក្យ បានប្រាប់សន្និសីទសារព័ត៌មាន ជាទៀងទាត់ថា «នៅក្នុងប្រទេសអាឡឺម៉ង់ ការបោះឆ្នោតត្រូវបានសម្រេចដោយអ្នកបោះឆ្នោត តាមរយៈប្រអប់សន្លឹកឆ្នោត» លោកស្រីបានបន្ថែមទៀតថា «ការបោះឆ្នោតរបស់ប្រទេស គឺជារឿងសម្រាប់អាល្លឺម៉ង់»។ លោកស្រី បានរំលឹកថា «សាខាផ្សេងៗនៃ AfD ត្រូវបានដាក់ឈ្មោះថា «ជ្រុលនិយម» ដោយទីភ្នាក់ងារសន្តិសុខក្នុងស្រុក របស់ប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះនឹងឆ្ពោះទៅការបោះឆ្នោតសភា នៅថ្ងៃទី២៣ ខែកុម្ភៈ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះរបស់ អធិការបតី ឆ្វេងកណ្តាល លោក Olaf Scholz កាលពីខែមុន។

ជុំវិញរឿង Musk នេះដែរ លោក Lars Klingbeil សហប្រធាននៃក្រុមសង្គមប្រជាធិបតេយ្យ ហៅកាត់ SPD របស់ លោកអធិការបតី Scholz បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke ថា Musk កំពុងព្យាយាមធ្វើដូចគ្នា ទៅនឹងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី»។ លោកបាននិយាយថា «ពួកគេទាំងពីរ ចង់មានឥទ្ធិពលលើការបោះឆ្នោតរបស់យើង និងគាំទ្រ AfD ដែលជាអរិភាព ចំពោះលទ្ធិប្រជាធិបតេយ្យ»។

លោកបានចោទប្រកាន់ ទាំងលោក Musk និងលោក Putin ថា «ចង់ឱ្យប្រទេសអាល្លឺម៉ង់ចុះខ្សោយ និងរុញច្រាន ឱ្យមានភាពវឹកវរ»។ លោក Klingbeil បាននិយាយថា សកម្មភាពបន្ថែមទៀត គឺចាំបាច់ត្រូវដាក់ចេញ ដាក់កម្រិតអំណាចនយោបាយ នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដូចជា X ជាដើម។

ជាការកត់សម្គាល់ លោក Musk បានប្រើ X ម្តងហើយម្តងទៀត ដើម្បីវាយប្រហារលោក Scholz ថ្មីៗនេះ បន្ទាប់ពីការវាយប្រហារ ដោយរថយន្តបុកមនុស្សស្លាប់ នៅលើទីផ្សារបុណ្យណូអែល ក្នុងទីក្រុង Magdeburg ភាគខាងកើត កាលពីថ្ងៃទី ២០ ខែធ្នូ។ លោក Musk បានហៅ Scholz ថា ជា « មនុស្សល្ងីល្ងើ គ្មានសមត្ថភាព» ហើយបាននិយាយថា «គាត់គួរតែលាលែង ពីតំណែងភ្លាមៗ»។

អន្តរាគមន៍របស់ Musk ក្នុងនយោបាយអាល្លឺម៉ង់ ក៏ត្រូវបានរិះគន់ដោយគូប្រជែងសំខាន់របស់ លោក Scholz ដែលជាមេដឹកនាំគណបក្សប្រឆាំងអភិរក្សនិយម CDU/CSU គឺ លោក Friedrich Merz ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner