គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា
(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងពិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទិញអបអរសាទរនៅព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួមជាង២ម៉ឺននាក់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ធ្នូ២០២៤នេះ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរ ត្រូវបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានល្អ ។

ពាក់ព័ន្ធសន្តិសុខ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ ចាប់ពីថ្ងៃនេះតទៅ ។ ពិសេសនាយប់ថ្ងៃ៣១ ធ្នូ២០២៤ មានព្រឹត្តតិការណ៌«សាទរកម្ពុជា»ហើយនៅវេលាយប់ថ្ងៃទី១មករាឆ្នាំ២០២៥ ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាមប្រជាពលរដ្ឋ ដែលដើរលេងកំសាន្តនឹងខ្លះចុះពីលើអគារខ្ពស់ៗព្រមៗគ្នាដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកងកម្លាំងនិងអាជ្ញាធរយើងត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពជូនពួកគាត់អោយបានល្អបំផុត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា សម្រាប់សកម្មភាពក្មេងទំនើងវិញ នៅតែកើតមាននៅឡើយ ដូច្នេះចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះឲ្យដល់ឫសគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិ សង្កាត់ ព្រោះថា ប្រធានភូមិ ចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកគិតជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

