ក្រសួងរតនាគារជាតិអាមេរិករងការវាយប្រហារពីពួក Hacker ចិន
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមវាយប្រហារផ្នែកព័ត៌មានវិទ្យា ឬ Hacker គាំទ្រដោយរដ្ឋរបស់ប្រទេសចិន បានទម្លុះចូលទៅក្នុងប្រព័ន្ធរបស់ក្រសួងរតនាគារជាតិអាមេរិក ដោយចូលទៅកាន់ទីតាំងស្តុកទុកប្រវត្តិការងាររបស់បុគ្គលិក និងឯកសារមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
ការបំពាននេះកើតឡើងចាប់តាំងដើមខែធ្នូមកម្ល៉េះ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងលិខិតមួយដែលរៀបចំដោយក្រសួងរតនាគារជាតិ ផ្ញើទៅកាន់សមាជិកសភាអាមេរិកអំពីករណីវាយប្រហារផ្នែកព័ត៌មានវិទ្យានេះ។
ទីភ្នាក់ងារអាមេរិកបានចាត់ទុកការបំពាននេះថា ជា “គ្រោះថ្នាក់ដ៏ធំ” ហើយថា ខ្លួនកំពុងធ្វើការជាមួយទីភ្នាក់ងារ FBI និងទីភ្នាក់ងារផ្សេងទៀតដើម្បីស៊ើបអង្កេតអំពីផលប៉ះពាល់។
យ៉ាងណា អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានប្រាប់ទូរទស្សន៍ BBC News ថា ការចោទប្រកាន់នេះ គឺជាផ្នែកមួយនៃការវាយប្រហារតាមបែបលាបពណ៌ ហើយត្រូវបានធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។
ផ្អែកតាមភ័ស្តុតាងដែលប្រមូលបានមកទល់ពេលនេះ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ការវាយប្រហារផ្នែកព័ត៌មានវិទ្យានេះ ទំនងជាត្រូវបានអនុវត្តដោយក្រុម Advanced Persistent Threat ហៅកាត់ (APT) ដែលមានមូលដ្ឋាននៅប្រទេសចិន។
បើតាមមន្ត្រីរតនាគារជាតិអាមេរិក បានសរសេរនៅក្នុងលិខិតរបស់ពួកគេផ្ញើទៅកាន់សមាជិកសភាថា អនុលោមតាមគោលនយោបាយរតនាគារ ការឈ្លានពានបង្កឡើងពីក្រុម APT ត្រូវបានចាត់ទុកថា ជាឧប្បត្តិហេតុសន្តិសុខតាមអ៊ីនធឺណិតដ៏ធំមួយ។
ដោយឡែកអ្នកនាំពាក្យក្រសួងរតនាគារជាតិអាមេរិក បានគូសបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការគំរាមកំហែងទាំងអស់ ប្រឆាំងនឹងប្រព័ន្ធរបស់យើង ព្រមទាំងទិន្នន័យដែលខ្លួនមាន ហើយថា ខ្លួននឹងបន្តធ្វើការលើការការពារទិន្នន័យរបស់ខ្លួនពីការគំរាមកំហែងពីខាងក្រៅ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា