ការទស្សន៍ទាយឆ្នាំ២០២៥ របស់លោកស្រី Baba Vanga ៖ ព្រឹត្តិការណ៍សំខាន់ៗ ចំនួន១០
បរទេស ៖ កាសែត RBC-Ukraine បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ថា ពាក្យទំនាយរបស់លោកស្រី ជនជាតិប៊ុលហ្គារី Baba Vanga បន្តទាក់ទាញចិត្ត និងបេះដូងរបស់មនុស្ស រាប់លាននាក់ ជុំវិញពិភពលោក ទោះបីលោកយាយបានទទួលមរណៈភាព តាំងពីឆ្នាំ១៩៩៦ ក៏ដោយ។
ការព្យាករណ៍របស់លោកស្រី បានបង្ហាញពីការផ្លាស់ប្តូរសកលលោក តាមរយៈព្រឹត្តិការណ៍នានា នៅក្នុងជីវិតរបស់មនុស្ស។ ដូច្នេះ តើឆ្នាំ២០២៥ មានអ្វីតាមការយល់ឃើញ របស់លោកស្រី?
RBC-Ukraine បានចេញផ្សាយ រម្លឹកអំពីព្រឹត្តិការណ៍សំខាន់ៗចំនួន ១០ ក្នុងឆ្នាំ២០២៥ ដែលហោរាដ៏ល្បីល្បាញ Vanga បានព្រមានដល់មនុស្សជាតិ។
១. វិបត្តិសេដ្ឋកិច្ចដ៏ធំ នៅសហរដ្ឋអាមេរិក៖ លោកស្រី Baba Vanga បានព្យាករណ៍ពីភាពចលាចលសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយថា អាមេរិកនឹងជួបបញ្ហាធំ ពេលមាសរបស់ខ្លួនធ្លាក់ថ្លៃ ហើយប្រាក់ដុល្លារនឹងក្លាយជាស្រមោលអតីតកាល។
២. អឺរ៉ុបនឹងមានមនុស្សតិច៖ លោកស្រី Vanga ព្យាករណ៍ថា អឺរ៉ុបអាចក្លាយជាតំបន់មានប្រជាជនតិច ក្នុងករណីប្រជាជនរបស់ខ្លួន បានចាកចេញពីទីនោះ។
៣. ការរកឃើញប្រភពថាមពលថ្មី៖ លោកស្រី បានណែនាំពីរបកគំហើញមួយនៅក្នុងវិទ្យាសាស្ត្រ ដោយនិយាយថា មនុស្សនឹងរកឃើញថាមពលថ្មីមួយ ដូចជា ព្រះអាទិត្យ ដែលនឹងជំនួសប្រភពថាមពលចាស់។
៤. ទំនាក់ទំនង ជាមួយអរិយធម៌ក្រៅភព ៖ ការព្យាករណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ទាក់ទងនឹងមនុស្សភពក្រៅ។ លោកស្រី Vanga បាននិយាយថា យើងមិនមែនតែម្នាក់ឯង នៅក្នុងសកលលោកទេ ហើយឆាប់ៗនេះ យើងនឹងជួបអ្នកដែលមកពីពិភពលោក ផ្សេងទៀត។
៥. សង្គ្រាមនៅទ្វីបអឺរ៉ុប ៖ លោកស្រី Vanga បានព្រមានអំពីជម្លោះថ្មីដោយនិយាយថា ឈាមនឹងត្រូវបង្ហូរ នៅក្នុងទឹកដីដែលធ្លាប់រីកចម្រើនលើកិច្ចសហប្រតិបត្តិការដោយសន្តិវិធី។ លោកស្រីបានព្យាករថា សង្គ្រាមនៅអឺរ៉ុបនឹងនាំឱ្យមានការបាត់បង់ជីវិតមនុស្ស ជាច្រើននាក់ ។
៦. ការត្រលប់មកវិញ នៃជំងឺបុរាណ ៖ លោកស្រី Vanga ជឿថាមនុស្សជាតិនឹងប្រឈមមុខនឹងជំងឺបុរាណ ដោយលោកស្រីថា ជំងឺពីអតីតកាលនឹងវិលមកវិញ ដែលមនុស្សគ្រប់ជំនាន់ខ្លាច។ ក្នុងពេលជាមួយគ្នានោះ លោកស្រី បានព្យាករណ៍ពីរបកគំហើញ ក្នុងការប្តូរសរីរាង្គ និងការព្យាបាលជំងឺមហារីក។
៧. គ្រោះមហន្តរាយភូមិសាស្ត្រ ៖
នៅក្នុងការទស្សន៍ទាយរបស់លោកស្រី លោកស្រីបានរៀបរាប់ពីការរញ្ជួយដីដ៏ធំ និងការផ្លាស់ប្តូរនៅក្នុងធម្មជាតិ។ លោកស្រីក៏បានព្រមានអំពីការផ្ទុះភ្នំភ្លើង រួមទាំង ពីភ្នំភ្លើង ដែលមិនធ្លាប់ផ្ទុះ ព្រមទាំង នឹងមានទឹកជំនន់ធំៗ ជាច្រើន ដែលបង្កឱ្យមានភាពចលាចល។ លើសពីនេះទៀត លោកស្រីបាននិយាយអំពីការរញ្ជួយដីដ៏ខ្លាំងមួយ នៅតាមបណ្តោយឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក។
៨. វឌ្ឍនភាពនៃបញ្ញាសិប្បនិម្មិត ៖
លោកស្រី Vanga បានព្យាករណ៍ពីរបកគំហើញ បច្ចេកវិទ្យាសំខាន់ៗ ដោយនិយាយថា ម៉ាស៊ីនឆ្លាតវៃ នឹងជំនួសខួរក្បាលមនុស្ស ក្នុងវិស័យជាច្រើន។
៩. ការរស់ឡើងវិញ ខាងសាសនា ៖
លោកស្រី Vanga បាននិយាយអំពីការភ្ញាក់ដឹងខ្លួនខាងវិញ្ញាណ ដោយនិយាយថា មនុស្សនឹងត្រឡប់ទៅរកព្រះ ដោយស្វែងរកចម្លើយ ចំពោះសំណួរដែលវិទ្យាសាស្រ្ត មិនអាចពន្យល់បាន។
១០. ការកើនឡើងកម្រិតទឹក និង «អាណាចក្រទឹក» ថ្មី ៖ យោងទៅតាមលោកស្រី ការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យទឹកលេចធ្លោ នៅក្នុងតំបន់ជាច្រើន ជាមួយនឹងអាណាចក្រថ្មីមួយ ដែលងើបឡើងពីទឹក ដែលជាចក្រភពមួយ គ្រប់គ្រងសមុទ្រ និងមហាសមុទ្រ។
កន្លងមក លោកយាយធ្លាប់ទាយត្រូវ ដូចជា ករណីភេរវកម្មបុកអគារភ្លោះអាមេរិក ជាដើម៕
ប្រភពពី RBC-Ukraine ប្រែសម្រួល៖ សារ៉ាត