បុគ្គលិកក្នុងកាប៊ីនយន្តហោះស្វីសស្លាប់ ក្រោយមានផ្សែងហុយ
បរទេស៖ សមាជិកបម្រើការ នៅក្នុងកាប៊ីនយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ស្វីស Swiss International Air Lines បានស្លាប់ បន្ទាប់ពីមានផ្សែងហុយ នៅក្នុងយន្តហោះនោះ ហើយបង្ខំឱ្យចុះចត ជាបន្ទាន់ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន កាលពីថ្ងៃចន្ទ។
កាសែត CNA បានចេញផ្សាយថា ហេតុការណ៍នេះ បានកើតឡើង នៅលើយន្តហោះ Airbus A220-300 ដែលមានអ្នកដំណើរជិតសុរប ចំនួន៧៤នាក់ និង និងសមាជិកបម្រើការលើយន្តហោះ ចំនួន៥នាក់។
ប្រភពបានឲ្យដឹងថា ក្នុងពេលកំពុងហោះហើរ ចេញពីទីក្រុង Bucharest ទៅទីក្រុង Zurich កាលពីថ្ងៃទី២៣ ខែធ្នូ យន្តហោះត្រូវចុះចតបន្ទាន់ នៅទីក្រុង Graz ប្រទេសអូទ្រីស បន្ទាប់ពីមានបញ្ហាម៉ាស៊ីនកើតឡើង ហើយមានផ្សែងហុយពេញបន្ទប់កាប៊ីនយន្តហោះ
ប៉ុន្តែ សមាជិកក្នុងកាប៊ីនម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយក្នុងនោះ បុគ្គលិកបម្រើការក្នុងកាប៊ីន ដែលរងរបួស មានច្រើនជាងម្នាក់។
អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះផងដែរ ក្នុងនោះ អ្នកដំណើរ១២នាក់បានរងរបួស ទទួលការព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែ អ្នកដំណើរទាំងអស់បានចាកចេញពីមន្ទីរពេទ្យអស់ហើយ គិតត្រឹមថ្ងៃអង្គារនេះ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ស្វីស លោក Jens Fehlinger
បានថ្លែងបង្ហាញពីការសោកស្ដាយ ចំពោះការស្លាប់របស់សហការី ដោយចាត់ទុកថា ការឈឺចាប់ ដែលមិននឹកស្មានដល់។
អាជ្ញាធរអាកាសចរណ៍ស្វ៊ីសបាននិយាយថា ការផ្តោតសំខាន់នៃការស៊ើបអង្កេតរបស់ខ្លួន គឺទៅលើផ្នែកមេកានិចនៃយន្តហោះ ដូចជាម៉ាស៊ីន ជាដើម ប៉ុន្តែ ក៏ផ្តោតលើការប្រើប្រាស់ឧបករណ៍ដកដង្ហើមការពារ សម្រាប់អ្នកបើកបរ ក្នុងកាប៊ីន ផងដែរ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត