សារឆ្នាំថ្មី! នាយករដ្ឋមន្ត្រីអូស្ត្រាលីប្តេជ្ញាដឹកនាំប្រទេសឱ្យកាន់តែរឹងមាំនៅឆ្នាំ ២០២៥
កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រើសារឆ្នាំថ្មីរបស់គាត់ ដើម្បីប្រកាសថា ប្រទេសអូស្រ្តាលីនឹងកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៥។
នៅក្នុងសារជាវីដេអូខ្លីដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក Albanese បានពណ៌នាអូស្ត្រាលីថា ជាប្រទេសអស្ចារ្យបំផុតក្នុងពិភពលោក។ លោក Albanese បានកត់សម្គាល់ថា នៅឆ្នាំខាងមុខ ជាមួយនឹងការប្តេជ្ញាចិត្តថ្មី និងសុទិដ្ឋិនិយមជាថ្មី យើងអាចកសាងប្រទេសអូស្ត្រាលីឱ្យកាន់តែរឹងមាំជាមួយគ្នា។
ជាមួយគ្នានេះ លោក Albanese ក៏បានថ្លែងអំណរគុណដល់ប្រជាជនអូស្ត្រាលីទាំងអស់ ដែលបានធ្វើការពេញមួយកំឡុងពេលវិស្សមកាល រួមទាំងបុគ្គលិកកងកម្លាំងការពារ សេវាសង្គ្រោះបន្ទាន់ និងបុគ្គលិកសុខាភិបាល និងប្រជាជននៅក្នុងបដិសណ្ឋារកិច្ច រួមទាំងអ្នកលក់រាយ សម្រាប់ការលះបង់របស់ពួកគេ ហើយលោកសង្ឃឹមថា គ្រប់ៗគ្នានឹងមានពេលសម្រាក និងអបអរសាទរឆ្នាំថ្មី។
លោក Albanese កំពុងប្រឈមមុខនឹងការបោះឆ្នោតសកលនៅឆ្នាំ ២០២៥ ដែលគណបក្សការងាររបស់គាត់មានបំណងឈ្នះអាណត្តិទីពីរ។ ការបោះឆ្នោតនេះ ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅខែឧសភាឆ្នាំក្រោយ។
ដោយឡែកនៅក្នុងសារអបអរឆ្នាំថ្មី លោក Peter Dutton ដែលជាមេដឹកនាំសម្ព័ន្ធប្រឆាំងរបស់ប្រទេសអូស្រ្តាលី បាននិយាយថា ឆ្នាំ ២០២៥ គឺជាឱកាសមួយសម្រាប់ប្រទេសអូស្ត្រាលី ក្នុងការដើរលើផ្លូវត្រូវត្រឡប់មកវិញ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា