ឆ្លងឆ្នាំសកលខេត្តកំពង់ចាមទទួលភ្ញៀវជាតិ អន្តរជាតិជាង ១០ម៉ឺននាក់
កំពង់ចាម៖ក្នុងឱកាសបុណ្យឆ្នាំថ្មី ឆ្នាំសកល២០២៥ នៅខេត្តកំពង់ចាមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃឆ្លងឆ្នាំនៅខេត្តកំពង់ចាមមានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ១០ ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តជាប់ដងទន្លេមេគង្គរបស់កម្ពុជាមួយនេះ ។នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្ត។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសកលដែលទើបបញ្ចប់ ខេត្ត មានភ្ញៀវជាតិ អន្តរជាតិចំនួនជាង១០ម៉ឺននាក់បានធ្វើដំណើរកម្សាន្តនៅកតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពិសេសនៅតំបន់ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំនាដងទន្លេមេគង្គលើ។ក្នុងនោះមានភ្ញៀវជាតិប្រមាណ ១០៦ ៦៦២នាក់ និងអន្តរជាតិចំនួន ១៧០នាក់ ។
លោកប្រធានមន្ទីរបានបង្ហាញនូវការកត់សម្គាល់ថា ក្នុងថ្ងៃឆ្លងឆ្នាំសកល សមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អ ដែលធ្វើឱ្យភ្ញៀវសប្បាយរីករាយ និងធ្វើដំណើរគ្រប់ច្រកល្ហកដោយពុំមានការព្រួយបារម្ភ។
ទាក់ទងនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនេះដែរ ក្រសួងទេសចរណ៍បានឱ្យដឹងថា ទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសក្នុងឱកាសឆ្លងឆ្នាំសកលនៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤មានចំនួន ៣ ៥៣៥ ៣២៥នាក់ ក្នុងនោះទេសចរជាតិប្រមាណ ៣ ៤៨៨ ០៦៥ នាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ ២៦០នាក់ ៕









ដោយ៖នុត នាង