ត្រី ប្រហុក នឹងចាប់ផ្តើមត្រូវម្តងទៀតចាប់ពីថ្ងៃទី២-១០ ខែមករា ឆ្នាំ ២០២៥
(ភ្នំពេញ)៖ រដ្ឋបាលជលផល បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់មកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានឱ្យដឹងនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥នេះថា៖ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង ។
សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា ៖ សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។
ទន្ទឹមនេះរដ្ឋបាលជលផលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ ឱ្យជួយ សម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន និងតាមការគួរ។
គួរបញ្ជាក់ថា រដ្ឋបាលជលផលធ្លាប់បានអំពាវនាវដល់ពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រីម្តងរួចមកហើយ ចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤។ត្រីប្រហុកដែលត្រូវច្រើននេះគឺបន្ទាប់ពីត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ ៕








ដោយ ៖ ម៉ាដេប៉ូ