កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ
(ភ្នំពេញ)៖ កម្មករនិយោជិតសប្បាយចិត្តនៅពេលប្រាក់ឈ្នូលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយកម្មករនិយោជិតចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel Garment រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ នេះមានសារសំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់។
កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះបង្ហាញឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
កញ្ញា សោម ស៊ីថូ ជាកម្មករនិយោជិតមកពីរាជធានីភ្នំពេញ អរគុណរាជរដ្ឋាភិបាលកម្ពុជាសម្រាប់កាដូឆ្នាំថ្មី ២០២៥ តាមរយៈការអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ។ ប្រាក់ឈ្នួលថ្មីនឹងក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។
កញ្ញាមើលឃើញថា កត្តាសន្តិភាពទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាអាចដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ ត្បិតឡើងមិនច្រើនលើសលុប តែតួលេខមួយនេះអាចទទួលយកបាន ហើយកម្មករសប្បាយចិត្ត។ រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីសុខទុក្ខដល់បងប្អូនកម្មករនិយោជិតជានិច្ចចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មិនថា ការដំឡើងប្រាក់ឈ្នួល ឬក៏អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតទទួលបាននោះទេ។
រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា។
ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង សម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៥ ឡើងបាន ៤ដុល្លារបន្ថែមទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលសរុបកើនបាន ២០៨ដុល្លារ ក្នុងមួយខែ។ ការដំឡើងប្រាក់ឈ្នួល ៤ដុល្លារបន្ថែមសម្រាប់វិស័យនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីចុងក្រោយ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ២០៦ដុល្លារ។ បន្ថែមពីនោះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារទៀត ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺ២០៨ដុល្លារ ៕
ដោយ ៖ ង៉ាន់ ទិត្យ