ឆ្នាំ២០២៤ ជាឆ្នាំក្តៅបំផុតលើកទី២ ក្នុងកំណត់ត្រាអូស្ត្រាលី
កង់បេរ៉ា ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងកំដៅផែនដីកំពុងបន្តហក់ឡើងក្នុងបណ្តាប្រទេសមួយចំនួន ដោយសារសកម្មភាពមនុស្សបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាស និងការកាប់បំផ្លាញព្រៃឈើឥតឈប់ឈរ។
តួយ៉ាង ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) បានរាយការណ៍ថា ប្រទេសអូស្ត្រាលីបានជួបប្រទះនូវឆ្នាំមានសីតុណ្ហភាពក្តៅខ្លាំងបំផុតជាលើកទីពីរ នៅក្នុងកំណត់ត្រាក្នុងឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian។
ទិន្នន័យរបស់ការិយាល័យឧតុនិយមអូស្រ្តាលី បានឱ្យដឹងនៅក្នុងថ្ងៃព្រហស្បតិ៍នេះថា សីតុណ្ហភាពមធ្យមជាតិក្នុងឆ្នាំ ២០២៤ កើនឡើង ១.៤៦អង្សាសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋានក្នុងឆ្នាំ ១៩៦១-១៩៩០។
តួលេខនេះធ្វើឱ្យឆ្នាំ ២០២៤ ក្លាយជាឆ្នាំក្តៅបំផុតជាលើកទីពីរនៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីកំណត់ត្រាដំបូងបានចាប់ផ្តើមក្នុងឆ្នាំ ១៩១០ បន្ទាប់ពីឆ្នាំ ២០១៩ នៅពេលដែលសីតុណ្ហភាពជាតិជាមធ្យម កើនឡើង ១.៥១អង្សាសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋាន។
សីតុណ្ហភាពអប្បរមាគឺខ្ពស់បំផុតក្នុងកំណត់ត្រាឆ្នាំ ២០២៤ ជាមួយនឹងកម្រិតទាបបំផុត ១.៤៣អង្សារសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋាន ហើយលើសពីកម្រិតខ្ពស់ពីមុន ដែលកើនត្រឹម ១.២៧អង្សាសេនៅក្នុងកំណត់ត្រាឆ្នាំ ១៩៩៨។
សីតុណ្ហភាពអតិបរិមាជាមធ្យម កើនឡើង ១.៤៨អង្សាសេ កើនលើសពីកម្រិតមធ្យមមូលដ្ឋាន ដែលនេះជាតួលេខខ្ពស់បំផុតជាលើកទីបួន បន្ទាប់ពីឆ្នាំ ២០១៣, ២០១៨ និង២០១៩។
ទីក្រុង Perth គឺជាទីក្រុងតែមួយគត់របស់ប្រទេសអូស្ត្រាលី ដែលបានជួបប្រទះការកើនឡើងសីតុណ្ហភាពក្តៅបំផុតក្នុងឆ្នាំ ២០២៤ ជាមួយនឹងសីតុណ្ហភាពជាមធ្យមលើសពី ២០អង្សាសេជាលើកដំបូង និងសីតុណ្ហភាពអតិបរមាជាមធ្យមលើសពី ២៦អង្សាសេជាលើកដំបូង៕
ប្រភព ៖ The Guardian ប្រែសម្រួល ៖ ឈឹម ទីណា