អភិបាលខេត្តព្រៃវែងដឹកនាំកម្លាំងអន្តរាគមន៍បូមទឹកទាំងយប់សង្គ្រោះស្រូវប្រាំង១ ៧០០ហិកតានៅស្រុកស្វាយអន្ទរ
ព្រៃវែង៖ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្រោយពីដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំងឆ្នាំ២០២៤នៅសាលាស្រុកស្វាយអន្ទរ កាលពីដើមសប្ដាហ៍រួចមក ឯកឧត្តមបានបន្តដឹកនាំមន្ត្រីជំនាញទាំងយប់ចុះបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តព្រៃវែងបានបញ្ជាក់ថា ស្រូវប្រាំងប្រមាណ ១៧០០ហិកតា ក្នុងស្រុកស្វាយអន្ទរ ត្រូវការអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់ ។ដោះស្រាយបញ្ហានេះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំអន្តរាគមន៍បូមទឹកបន្ទាន់ភ្លាមៗ ។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត ស្រុក បានពិភាក្សាលើតម្រូវការនៃការប្រើប្រាស់ទឹក ដោយទាញយកទឹកពីទន្លេវៃគោ សម្រាប់ស្រោចស្រពស្រូវរដូវប្រាំងខាងមុខ ដែលមានចំនួន៥ស្រុក កន្លងមកបានជួបបញ្ហាប្រឈម ក្នុងនោះមាន ស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ និងស្រុកមេសាង។

សូមបញ្ជាក់ថា ប្រភពទឹកនៃស្ថានីយបូមទឹកនេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១៕
ដោយ៖នុត នាង



