នាយអាវុធហត្ថខេត្តស្ទឹងត្រែងដែលមានស្នាដៃឆ្នើមជាច្រើនរូប ទទួលបានគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា
ស្ទឹងត្រែង៖នាយអាវុធហត្ថខេត្តស្ទឹងត្រែងជាច្រើនរូប ដែលមានស្នាដៃឆ្នើមក្នុងការបម្រើជាតិ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងវិស័យសង្គមនានាជាច្រើន បានទទួលលិខិតសរសើរ បណ្ណសរសើរពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ,មេដាយមាស មេដាយសំរឹទ្ធ ពីរាជរដ្ឋាភិបាលនិង គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រ ។

ពិធីប្រគល់ និងបំពាក់ប្រព្រឹត្តទៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីដំណាច់ឆ្នាំ២០២៤។

ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី , ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំខេត្ត និងចំណុះរដ្ឋបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីនេះ។

លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រ រួមទាំងគ្រឿងឥស្សរិយយសជាច្រើនទៀត ពីរាជរដ្ឋាភិបាលកម្ពុជា និងពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ជាការកត់សម្គាល់លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចូលបម្រើការងារជាកងកម្លាំងប្រដាប់អាវុធ (អាវុធហត្ថខេត្ត) អស់រយៈកាលជាង ៣០ឆ្នាំមកហើយ ។អ្វីដែលលោកពេញចិត្ត និងដឹងគុណបំផុត គឺជាការទទួលបានមេដាយកិត្តិយសជាច្រើន ពិសេសគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។

លោកវរសេនីយ៍ឯកបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ គិតគូ ពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អាណត្តិមុនៗ ពិសេសឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាអាណត្តិទី៧នេះ តែងបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសកម្លាំងអាវុធហត្ថខេត្ត តាមរយៈការផ្តល់បណ្ណសរសើរ លិខិតសរសើរ មេដាយកិត្តិយសគ្រប់ប្រភេទ ដែលបានខិតខំបំពេញការងារ នៅក្នុងឆ្នាំកន្លងមកនេះ៕
ដោយ៖ឡុង សំបូរ


