ដំឡូងបាសដៃខ្លា អ្នកស្រុកអង្គរនិយមចូលចិត្តដាំដើម្បីរកចំណូលបន្ថែមក្នុងគ្រួសារ
(ភ្នំពេញ)៖ “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាដំឡូងនេះពលរដ្ឋនិយមដាំភាគច្រើននៅ ភូមិ ពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

យោងតាមឯកសារស្រាវជ្រាវ និងក៏ដូចជាកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាបបានឱ្យដឹងថាចាប់ពីខែតុលា និងវិច្ឆិកា កសិករចាប់ផ្តើមប្រមូលផលដំឡូង ដែលភាគច្រើនពួកគាត់ គាស់ស្ងោរដឹកទៅលក់នៅទីផ្សារដោយខ្លួនឯង។

សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំ មួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង ។

គួរបញ្ជាក់ថាដំណាំដំឡូងដៃខ្លាគឺជាដំណាំ ទម្លាប់ពីដូនតា គឺគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន ៦ខែ អាចប្រមូលផលបានហើយ ។

ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឱ្យខ្ពស់ ។

ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន។

ជាទូទៅ គេចាប់ផ្តើមដាំនៅដើមរដូវភ្លៀង គឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា ៕
ដោយ ៖ ម៉ាដេប៉ូ

