រាជធានីភ្នំពេញ មានកំណើនភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំសកល២០២៥ កើនជាង ៣០០% បើធៀបពិធីបុណ្យចូលសកល២០២៤
(ភ្នំពេញ)៖ កម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំសកល ២០២៥ មានភ្ញៀវទេសចរដើរលេងកម្សាន្តចំនួនជិត ៣លាន៥៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជិត ៣លាន ៤៩ម៉ឺននាក់ និងភ្ញៀវអន្តរជាតិជិត ៥ម៉ឺននាក់ ។

យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលដើរកម្សាន្តក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃ៣០ និង៣១ធ្នូ នោះ មានការកើនឡើងជាង ២លាននាក់ ធៀបនឹងអំឡុងបុណ្យឆ្នាំសកលឈានចូលឆ្នាំ ២០២៤ កន្លងទៅ ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងថ្ងៃទី១ ដែលត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ២១ម៉ឺន ៦ពាន់ ៣៣១នាក់ និងទេសចរបរទេសចំនួន ១ម៉ឺន ៨ពាន់ ២៤៩នាក់ ។ ដោយឡែកក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ៣លាន ២៧ម៉ឺន ១ពាន់ ៧៣៤នាក់ និងទេសចរបរទេសចំនួន ២ម៉ឺន ៩ពាន់ ១១នាក់ ។

សរុបរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសចំនួន៣លាន ៥៣ម៉ឺន ៥ពាន់ ៣២៥នាក់ ក្នុងនោះមានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ៣លាន ៤៨ម៉ឺន ៨ពាន់ ៦៥នាក់ និងទេសចរបរទេសចំនួន ៤៧ម៉ឺន ២៦០នាក់។

ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានផ្សព្វផ្សាយតាមបណ្តាសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គ្រាន់តែរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរសរុបចំនួន ១លាន៥៧ម៉ឺន ៣ពាន់ ៤៧៩នាក់។ បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តព្រះសីហនុ ដែលទទួលបានភ្ញៀវទេសចរសរុបចំនួន ៤២ម៉ឺន ២ពាន់ ៨២៩នាក់។ ចំណែកគោលដៅទេសចរណ៍លំដាប់ទី៣ គឺខេត្តសៀមរាប ដែលទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៣ម៉ឺន ៣ពាន់ ៦៦០នាក់ ។ បន្ទាប់មក គឺខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣២ម៉ឺន ៤ពាន់ ៧៦០នាក់ និងខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន ២២ម៉ឺន ៧ពាន់ ៩៧៦នាក់។

គួបញ្ជាក់ថា ចំនួនភ្ញៀវទេសដែលដើរកម្សាន្តនៅរាជធានីភ្នំពេញនៃឱកាសបុណ្យចូលឆ្នាំសកល២០២៥នេះ ត្រូវបានគេកត់សម្គាល់ថា មានការកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅរហូតជាង ៣០០% ដោយសារការរៀបចំនៃព្រឹត្តិការណ៍ «សាទរកម្ពុជា» ។

សូមជម្រាបថា កម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ កន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានដើរកម្សាន្តនៅទូទាំងប្រទេសមានតែជាង ២លាននាក់ប៉ុណ្ណោះ ។ រាជធានីភ្នំពេញ ដែលកាលណោះ បានទទួលភ្ញៀវទេសចរច្រើនជាង ដោយមានចំនួនភ្ញៀវទេសចរសរុបជាង ៤៥ម៉ឺននាក់។ ចំណែកខេត្តព្រះសីហនុបានឈរនៅលំដាប់ទី២ ដែលមានទេសចរសរុប ៣៣ម៉ឺន ៨ពាន់ ៥៥២នាក់ និងបន្ទាប់មក គឺខេត្តសៀមរាប ដែលមានទេសចរសរុបចំនួន ៣៣ម៉ឺន ៧ពាន់ ៧៦៩នាក់ ខណៈខេត្តកំពត ឈរនៅលំដាប់លេខ ៣ និងខេត្តបាត់ដំបង នៅលំដាប់លេខ ៤៕
អត្ថបទ ៖ សុផុល
រូប ៖ ឯកសារ




